ព័ត៌មានទាន់ហេតុការណ៍៖

ចូលមណ្ឌលកែប្រែម្ដងហើយចេញមកវិញមិនរាងចាលធ្វើសកម្មភាពឆក់យកកាបូបពលរដ្ឋកំពុងជិះតាមផ្លូវតែមិនបានសម្រេច

ចែករំលែក៖

    ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់បន្ទាប់ពីជនសង្ស័យរូបនេះនិងបក្សពួកបានធ្វើសកម្មភាពឆក់យកកាបូបរបស់ស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវ កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅចំណុចភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុង គីមលាប ហៅ ច្រឹប ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ  ឃុំ កើតហេតុ ។ ចំណែកជនសង្ស័យ ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ សៀក ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ឃាត់ខ្លួន)  រីឯជនសង្ស័យទី២ រត់គេចខ្លួនបាត់ស្រមោល ។ សម្ភារបាត់បង់៖

ទូរស័ព្ទ០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ស៊ីមកាតលេខ 096 58 04 326 តម្លៃ ៣៦០$ ,លុយដុល្លារចំនួន២០០$ ,ខ្សែកប្លាទីនទម្ងន់៧ជីចំនួន០១ខ្សែ តម្លៃ ១០៥០$ ,ចិញ្ចៀនប្លាទីនចំនួន០១វង់តម្លៃ ១៧០$ ។ វត្ថុតាងចាប់យកមាន៖ កាបូបស្បែកយួរដៃ ពណ៌ខ្មៅ ចំនួន០១ ،លុយខ្មែរចំនួន៣៥០០០០រៀល និងម៉ូតូ ០១គ្រឿង ម៉ាក wave ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពដដែលបន្តថា អស់រយៈពេល ០៥ឆ្នាំមកហើយ ជនសង្ស័យឈ្មោះ សៀក ស៊ីន បានប្រើប្រាស់សារធាតុញៀន ហើយនៅឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សៀក ស៊ីន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលអប់រំកែប្រែពន្លឺថ្មី រាជធានីភ្នំពេញ រយ:ពេល០៣ខែ។ ក្រោយពីចេញពីមណ្ឌលអប់រំកែប្រែវិញ ជនសង្ស័យឈ្មោះ សៀក ស៊ីន នៅបន្តប្រើប្រាស់សារធាតុញៀនជាញឹកញាប់ ។ រហូតមកដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅទិញម្ហូបនៅផ្សារព្រែកហ្លួង ឃុំព្រែកហ្លួង ដោយជនរងគ្រោះមានកាបូបស្បែកយួរដៃពណ៌ខ្មៅ ព្យួរនៅដៃម៉ូតូខាងឆ្វេង ឯជនសង្ស័យឈ្មោះ សៀក ស៊ីន បានជិះម៉ូតូឌុបជនសង្ស័យម្នាក់ទៀត ចេញពីផ្ទះនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ មកឃុំព្រែកហ្លួងដែរ ពេលមកដល់ចុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូនៅពីក្រោយម៉ូតូជនរងគ្រោះ ហើយពេលឃើញជនរងគ្រោះកំពុងជិះម៉ូតូដៃខាងឆ្វេងកាន់ទូរស័ព្ទនិយាយ និងឃើញកាបូបព្យួរនៅដៃម៉ូតូខាងឆ្វេង ជនសង្ស័យក៏ជិះហួសម៉ូតូជនរងគ្រោះ រួចក៏ជិះម៉ូតូបត់ត្រឡប់ក្រោយមកជិះតាមម៉ូតូជនរងគ្រោះ ពេលមកទន្ទឺមម៉ូតូជនរងគ្រោះ ជនសង្ស័យឈ្មោះ សៀក ស៊ីន បានលូកដៃខាងស្ដាំឆក់យកកាបូបរបស់ជនរងគ្រោះបាន រួចជិះគេចខ្លួនបាត់ទៅ  ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ ផ្អើលប្រជាពលរដ្ឋនៅទីនោះ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកហ្លួង ជិះម៉ូតូតាមជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀក ស៊ីន និងដកហូតបានម៉ូតូរបស់ជនសង្ស័យ កាបូប និងលុយខ្មែរ ចំនួន ៣៥០០០០រៀលរបស់ជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖