ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២ ប្រារព្ធឡើងពីថ្ងៃទី ៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ ដោយសារកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការទទួលដំណើរទស្សនកិច្ចមេដឹកនាំមកពីបណ្ដារប្រទេសនានា ជាច្រើន ក៏ប៉ុន្តែរាជរដ្ឋាភិបាល បានអនុញ្ញាតអោយបណ្ដាខេត្តនានា រៀបចំប្រារពពិធីបុណ្យនេះ នៅតាមខេត្តរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុនសែន សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូកតាមបណ្តាខេត្តនានា៕
ដោយ ៖ សិលា