ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធានាការពារដល់វិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផលជាពិសេសគឺការពារសន្ដិសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងធានាការពារដល់វិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផលជាពិសេសគឺការពារសន្ដិសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផលនូវសន្ដិសុខ និងស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយស្ថេរភាព តម្លាភាព និងគណនេយ្យភាពដែលអាចប៉ាន់ប្រមាណបាន»។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ។ 

យោងតាមការចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០២២ ធនាគារពិភពលោកបានវាយតម្លៃថាសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ដែលបង្ហាញថាខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណាធនាគារពិភពលោកក៏បានវាយតម្លៃពីភាពអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មផងដែលបានជួយឱ្យកម្ពុជាអាចទទួលបានកំណើន៦ភាគរយក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលមធ្យម។

របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។ អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។ 

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក សុខ ចិន្តាសោភា បានថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ទាំង១៦១ គម្រោង ក្នុងនោះវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.ពាន់លានដុល្លារអាមេរិក កើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១.៣%។

លោក សុខ ចិន្តាសោភា បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការងារវិនិយោគឯកជន បាននិងកំពុងបំពេញបេសក កម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោល នយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីគម្រោងវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ ៕

ដោយ : សិលា


ចែករំលែក៖