ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី លើកឡើងពីកម្ពុជា មានសន្តិភាពពេញលេញ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា  នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា, នេះ មិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញថា ៖ ទី១). កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា ទី២) កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានា ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះ ឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល ទី៣)  កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក ទី៤) កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ និង ទី៥). កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ 

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង ៕

ដោយ : សិលា


ចែករំលែក៖