ខេត្តប៉ៃលិន ៖ តាមរបាយការណ៍របស់សមត្តកិច្ចជំនាញនៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង០៩និង០០ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណី(លួចសត្វគោ) ចំនួន ០១ករណី ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីសមត្តកិច្ចនគរបាលជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំសាលាក្រៅបានទទួលព័ត៌មានពីម្ចាស់គោខាងលើក៏សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសាលាក្រៅចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់គោទាំង២ គាត់បានប្រាប់ថា÷គាត់បានបាត់គោចំនួន ០៣ក្បាល មាន០២ ម្ចាស់ ,ទី០១បាត់គោនៅភូមិភ្នំកុយ,ឃុំសាលាក្រៅ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។
-ម្ចាស់គោទី១ ឈ្មោះ ភួន នៅ ភេទប្រុស អាយុ ៧២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បានបាត់គោចំនួន ០១ក្បាល(គោមេ)។
-ម្ចាស់គោទី២ ឈ្មោះ មួង មុំ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បានបាត់គោចំនួន ០២ក្បាល (គោមេ១ក្បាល និងគោឈ្មួល១ក្បាល)។
បើតាមប្រភពពីម្ចាស់គោទី០១បានរៀបរាប់ប្រាប់កម្លាំងជំនាញ បានឲ្យដឹងថា÷នៅវេលាម៉ោង ៥និង០០នាទីល្ងាច គាត់បានដឹកគោចងក្នុងចំការនៅក្បែរផ្ទះធម្មតាដូចរាល់ដងហើយគាត់បានឡើងមើលគោនៅវេលាម៉ោ ២និង០០នាទីទៀបភ្លឺ ដូចសព្វមួយដង ហើយគោនៅគ្រប់ចំនួន ដល់ពេលគាត់ឡើងមើលគោនៅម៉ោង៥និង០០នាទីភ្លឺម្ដងទៀតគាត់ក៏បានដឹងថាគោគាត់បានបាត់អស់ចំនួន០១ក្បាលតែម្តង។
បើតាមការរៀបរាប់របស់ម្ចាស់គោទី ០២បានឲ្យដឹងថា÷នៅវេលាម៉ោង ៥និង០០នាទីល្ងាចគាត់បានដឹកគោចងនៅក្នុងរោងចំការក្រោយផ្ទះចំងាយប្រហែល ៤០០ ម៉ែត្រ ដល់ពេលព្រឹកឡើងនៅម៉ោង៨និង០០នាទីព្រឹកទើបគាត់ដឹងថាបាត់គោអស់ចំនួន០២ក្បាល។
បន្ទាប់ពីសាកសួរកន្លែងកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សារ៉េត