ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ សភាមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការពន្លឿនដំណើរការសមាហរណកម្មអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធាន AIPA លើកទី៤៣ បានមានប្រសាសន៍ថា សភាមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការពន្លឿនដំណើរការសមាហរណកម្មអាស៊ាន។ មុខងារនីតិកម្ម តំណាង និងត្រួតពិនិត្យរបស់សភា នឹងជួយអាស៊ាន ឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ស្របតាមទិសស្លោក “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

សម្តេចបានលើកឡើងដូច្នេះ នៅរាត្រីទី១០ ខែវិចិ្ឆកាឆ្នាំ២០២២នេះ ក្នុងពិធីលៀងសាយភោជន៍ ជូនណៈប្រតិភូសភាAIPA ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន-AIPA ។ 

ក្នុងបរិយាកាសដ៏សែនមនោរម្យ និងស្និទ្ធស្នាលនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជោគជ័យ នៃកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំAIPAនិងប្រមុខដឹកនាំអាស៊ាន កាលពីរសៀលនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះ នឹងមិនអាចសម្រេចទៅបាននោះទេ ប្រសិនបើគ្មានវិភាគទានដ៏សំខាន់និងមានតម្លៃ ពីសំណាក់ឯកឧត្តម លោកជំទាវ ដែលជាគ្រួសារAIPA ទំាងអស់។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរបស់ប្រជាជន សភាយល់ច្បាស់អំពីឬសគល់នៃបញ្ហា។ AIPAបានបង្ហាញនូវក្តីព្រួយបារម្ភ និងកង្វល់រួមជាច្រើន ជូនដល់ប្រមុខដឹកនាំអាស៊ាន ហើយទទួលបាននូវការប្តេជ្ញាចិត្តក្នុងការឆ្លើយតបជាវិជ្ជមានចំពោះបញ្ហាទាំងនោះ។ 

ប្រធានរដ្ឋសភានិងប្រធាន AIPA លើកទី៤៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានត្រៀមស្វាគមន៍ចំពោះវត្តមានគ្រួសារ AIPA ម្តងទៀត នៅក្នុងមហាសន្និបាតលើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ឱ្យទទួលបានជោគជ័យដូចពេលនេះដែរ៕

ដោយ : សិលា


ចែករំលែក៖