ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សូមប្រកាសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ដោយក្នុងនោះមានបុគ្គលឈ្មោះ Selaloutt ប្រើប្រាស់ Group Telegram មានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា, មួយរយៈនេះមានជនខិលខូច ប្រព្រឹត្តអំពើល្មើសច្បាប់លក្ខណៈបែបនេះច្រើនណាស់ ក្នុងការយកឈ្មោះអ្នកធំ ដើម្បីបោកប្រាស់អ្នកដទៃ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី Telegram ដោយយករូប និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់ក្នុងអំពើ និងសកម្មភាពផ្សេងៗ ពិសេសឈានទៅការបោកប្រាស់ ថវិកាបងប្អូនក្នុងការវិនិយោគក្រោមរូបភាពណាមួយ។
ជាមួយនេះបុគ្គលមានឈ្មោះ Selaloutt ជាអ្នកទាញបងប្អូនចូលក្នុងក្រុមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់គណនី Telegram មានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា គណនី Telegram ដែលមានរូប និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបុគ្គល ឬក្រុមនេះយកទៅប្រើប្រាស់ គឺជាគណនីក្លែងក្លាយនោះទេ។
ឯកឧត្តមបណ្ឌិតមានតែគណនី Telegram Channel ដែលមាន Link: https://t.me/HunManet_coarmy។
ដោយ ឡែក លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏មានជនខិលខូច យករូបលោកដាក់ ក្នុង Telegram ដើម្បីបោកប្រាស់គេ លោកក៏បានបង្ហោះតាម facebook បដិសេធ។
លោកបញ្ជាក់ថា, សេចក្តីបដិសេធ
ខ្ញុំសូមប្រកាសបដិសេធជាសាធារណៈថា គណនីតេឡេក្រាមនេះមិនមែនជារបស់ខ្ញុំទេ។ គណនីនេះត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់នៅក្នុងក្រុមផ្សេងៗ។ ខ្ញុំសូមប្រកាសមិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធខ្ញុំបាទឡើយ ករណីជនខិលខូចប្រើប្រាស់គណនីនេះទៅប្រព្រឹត្តអំពីផ្សេងៗ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចឋមពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។ សូមអរគុណ
ដោយ : សិលា