ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានចេញសេចក្តីប្រកាសព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ។ 

នៅក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបញ្ជាក់ថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានជួបពិភាក្សាអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង អន្តរជាតិផ្សេងៗ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកអគ្គលេខាធិការ Guterres បានសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួល ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគំរូនៃកិច្ចសហ ប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិប្រកបដោយជោគជ័យចំនួន៣ រួមមាន សាលាក្តីខ្មែរក្រហម ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) និងជំនួបប្រចាំឆ្នាំរវាង សម្តេច តេជោនាយករដ្ឋមន្ត្រី ជាមួយគ្រប់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយសង្កត់ធ្ងន់ ពីការចាប់ផ្តើមឡើងវិញនូវជំនួបនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការអាក់ខានដោយសារការ រាតត្បាតកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ក្នុងការបន្តកិច្ច សហប្រតិបត្តិការ និងការផ្ដល់ជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្ត្រ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ដែលបាន រួមវិភាគទានដល់យុទ្ធនាការចាក់វ៉ាក់សាំងប្រកបជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានជម្រាបដោយសង្ខេបជូន លោកអគ្គលេខាធិការ Guterres អំពីការត្រៀម រៀបចំសម្រាប់ការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាព មនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញ ពិភពលោក និងបានជម្រាបជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសម្រេចចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ។ សម្តេចតេជោនាយករដ្ឋមន្តី បានស្នើលោកអគ្គលេខាធិកា Guterres បង្កើនជំនួយរបស់អង្គការសហប្រជាជាតិលើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមិនត្រឹមឆ្នាំ ២០២៥” និងបានស្នើ បញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់យ៉ាង ខ្លាំងរបស់សម្ដេចតេជោលើការដោះមីន និងបានធានាចំពោះសម្ដេចក្នុងការគិតគូរយ៉ាងយកចិត្ត ទុកដាក់ ចំពោះសំណើ និងសំណូមពរ។

ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ដោយ​៖ស​ តារា​


ចែករំលែក៖