ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានបំណងធ្វើប្រធានអាស៊ានលើកទី៤នោះទេ ខណៈកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន៣លើករួចហើយ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯវិមានសន្តិភាព បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​៖​ សម្តេចគ្មានបំបងធ្វើជាប្រធានអាស៊ានលើកទី៤ នៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ ខណៈដែលកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាប្រធានអាស៊ាន៣លើករួចហើយនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អាចនឹងមិនឈានឆ្ពោះទៅរកការធ្វើ ជាប្រធានអាស៊ានលើកទី៤ ដែលត្រូវធ្វើឡើងនៅឆ្នាំ ២០៣២នោះទេ បើសិនគិតដល់ពេលនោះ ខ្ញុំមានអាយុ ៨០ឆ្នាំទៅហើយ»។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បន្តថា ការធ្វើជាប្រធានអាស៊ានចំនួន៣ដងមកនេះ គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ គឺគ្រប់គ្រាន់ហើយសម្រាប់សម្តេច ហើយថាការធ្វើជាប្រធានអាស៊ានមិនមែនជារឿងងាយស្រួលទេ បើសិនជាគ្មានសេនាធិការវៃឆ្លាតនោះ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងបញ្ជាក់ថា៖ «ក្នុងឋានៈជាប្រធានអាស៊ានលើកទី៣ ដែលអាចចាត់ទុកថា ខ្ញុំអាចនឹងប្រកាសថា ខ្ញុំមិនឈានឆ្ពោះទៅរកការធ្វើប្រធានអាស៊ានលើកទី៤ទេ ព្រោះវាល្មម ដល់អាស៊ានលើកទី៤ ខ្ញុំត្រូវអាយុ៨០ឆ្នាំ។ ដូច្នេះវាល្មមគ្រប់គ្រាន់ហើយ ៣ដងនេះ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយ ធ្វើប្រធានអាស៊ានវាមិនមែនជាការងាយស្រួលទេ បើសិនយើងមិនមានរដ្ឋមន្រ្ដីការបរទេសវៃឆ្លាត និងបើសិនយើងគ្មានអ្នកជំនួយការវៃឆ្លាត»។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធដែលបានបំពេញកិច្ចការងារដ៏ល្អ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ និងផ្លែផ្កា។ ជាមួយគ្នានោះ​សម្តេចតេជោ​ ហ៊ុន​ សែន​ បានសម្តែងការពេញចិត្ត និងកោតសរសើរចំពោះកងកម្លាំងសន្តិសុខ សមត្ថកិច្ចកម្ពុជា សហការការពារសន្តិសុខ សុវត្ថិភាព សម្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជា បានយ៉ាងល្អ និងមានសុវត្ថិភាព។ 

បន្ថែមពីនេះ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តីកម្ពុជា​ បានសង្កត់ធ្ងន់ថា​៖ ការធ្វើប្រធានអាស៊ាន ទាំង៣លើក ហើយលើកណាក៏សម្តេចពេញចិត្តចំពោះតំណែងប្រធានអាស៊ានដែរទោះកាលៈទេសៈ ខុសគ្នាក្តី៕

ដោយ​៖ស​ តារា​


ចែករំលែក៖