ព័ត៌មានទាន់ហេតុការណ៍៖

អង្ករកម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា​ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក​ នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក​ នៅខេត្តភូកេត​ ប្រទេសថៃ។ នេះជាលេីកទី៥ហេីយ​ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ​ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងថា, អបអរសាទរកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២

លោកបន្តថា, ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោយពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមាន លោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យចុះ ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃរួចមក ថ្ងៃនេះ ក្រុមការងារបានមកដល់ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយ ភាគីពាក់ព័ន្ធ ជាពិសេស បានចុះជួបដោយផ្ទាល់ជាមួយបងប្អូនកសិករ។

ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញ នូវគោលការណ៍រក្សាស្ថេរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញអប្បបរមាសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ ត្រឹម៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បី ផ្សព្វផ្សាយពីតម្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះ តាមដានការអនុវត្តនេះ ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ផលប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្ដែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវជូន។

ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធដែលមានលោក ឧកញ៉ា ភូ ពុយ ជាអ្នកធានាអនុវត្តគោលការណ៍នេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ៕

ដោយ : សុខ ខេមរា


ចែករំលែក៖