ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផល និងឧត្តមានុវត្តន៍កម្មវិធីភាព ជាដៃគូសកលសម្រាប់ការអប់រំដំណាក់កាលទី៣ (GPE-3)

ចែករំលែក៖

 ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍន៍គម្រោង បានរៀបចំសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយលទ្ធផល និង ឧត្តមានុវត្តន៍កម្មវិធីភាពជាដៃគូ សកលសម្រាប់ការអប់រំដំណាក់កាលទី៣ (GPE-3)”  ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសាភាចារ្យ ហងជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិកក្រុមការងារ GPE-3 ដៃគូអភិវឌ្ឍនានា នាយកវិទ្យាស្ថានគរុកោសល្យ នាយកសាលាគរុកោសល្យ នាយកសាលា និងគ្រូបង្រៀនបឋមសិក្សាមកពីរាជធានី-ខេត្ត ជាច្រើនរូបទៀត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ | វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។ 

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសាភាចារ្យ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍទាំងអស់ ជាពិសេសភាពជាដៃគូសម្រាប់ការអប់រំ  ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងវិស័យអប់រំ  ដែលជាវិស័យមួយមានវិសាលភាពធំធេង ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមឆត្រនៃផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងការធ្វើកំណែទម្រង់វិស័យអប់រំគ្រប់កម្រិត ទទួលបានលទ្ធផលជាបន្តបន្ទាប់។

លោកបណ្ឌិតសាភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ដៃគូអភិវឌ្ឍទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និតអនុវត្តនូវគម្រោងទាំងមូល ហើយភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE) នេះក៏ត្រូវបានប្រើប្រាស់សម្រាប់អនុវត្តផ្នែកផ្សេងៗ នៃកំណែទម្រង់សាលារៀន កំណែទម្រង់ការគ្រប់គ្រងបុគ្គលិក កំណែទម្រង់មុខងារសាធារណៈ ក៏ដូចជាកំណែទម្រង់សាលាគរុកោសល្យ។

សូមបញ្ជាក់ថា កម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ (GPE3) ជាហិរញ្ញប្បទានឥតសំណងពហុភាគីដែលកម្ពុជាទទួលបាន។ GPE3 ផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគ្រូឧទ្ទេស និងពង្រឹងសមត្ថភាពគ្រូបង្រៀន ដែលអនុវត្តតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ៕

ដោយ : សហការី


ចែករំលែក៖