ព័ត៌មានទាន់ហេតុការណ៍៖

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងកើតអ៊ុយក្រែន ពលរដ្ឋជាង ១០លាននាក់រងគ្រោះដោយសារតែការដាច់ភ្លើង

ចែករំលែក៖

យោធាអ៊ុយក្រែនបាននិយាយថា មីស៊ីលនិងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារទីតាំងអ៊ុយក្រែនជាច្រើនកន្លែងនៅក្នុងតំបន់ ហើយការប្រយុទ្ធគ្នានៅតែខ្លាំងក្លាក្នុងទីក្រុង Donetsk ភាគខាងកើតនៃប្រទេស។
យោងតាមសារព័ត៌មាន Reuters និង The Guardian បានផ្សាយថា អាជ្ញាធរអ៊ុយក្រែនកំពុងព្យាយាមស្តារចរន្តអគ្គិសនីនៅទូទាំងប្រទេស បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះទទួលរងការទម្លាក់គ្រាប់បែកដ៏ធ្ងន់បំផុតពីរុស្ស៊ី។ យោធាអ៊ុយក្រែនបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពីខាងជើងទៅខាងត្បូង គឺស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរុស្ស៊ី។
នៅក្នុងសុន្ទរកថារបស់ ប្រធានាធិបតីអ៊ុយក្រែន កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា បាននិយាយថាមនុស្សជាង១០លាននាក់នៅក្នុងប្រទេសនេះកំពុងរស់នៅដោយគ្មានអគ្គិសនីនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ត្រជាក់ខ្លាំង។ នៅកន្លែងខ្លះ អាជ្ញាធរបានបញ្ជាឱ្យផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថា វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមនុស្សរាប់លាននាក់ទទួលរងការដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅពេលដែលរដូវរងាដ៏ត្រជាក់របស់ប្រទេសចាប់ផ្តើមហើយ។
នៅក្នុងតំបន់ Donetsk កងទ័ពរុស្ស៊ីត្រូវបានពង្រឹងដោយកងកម្លាំងដែលទើបតែដកចេញពីតំបន់ Kherson និងបន្តបាញ់ផ្លោង ទៅលើទីតាំងជាច្រើនទៀត។ យោធាអ៊ុយក្រែនបានបន្ថែមថា កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារលើទីក្រុង Balakliya ក្នុងតំបន់ Kharkiv ដែលអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញនៅក្នុងខែកញ្ញា និងទីក្រុង Nikopol ដែលជាទីក្រុងនៅម្ខាងទៀតនៃទន្លេKakhovka ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានបាញ់កម្ទេចមីស៊ីលអន្តរទ្វីបរុស្ស៊ី២គ្រាប់ និងកាំជ្រួចមីស៊ីល៥ដើមបាញ់ពីលើអាកាស ព្រមទាំងយន្តហោះគ្មានមនុ្សបើក Shahed-136 ចំនួន៥គ្រឿងផងដែរ៕ដោយ៖ ធីរីណា

រូប​ថត​ ៖​ Vietnamnet.vn


ចែករំលែក៖