ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ជំរុញឱ្យគ្រប់សមាសភាពពាក់ព័ន្ធយកចិត្តទុកដាក់ ឱ្យកីឡាជាតិ លើកទី៣ ទទួលបានជោគជ័យមានភាពស្អាតស្អំ និងមុខមាត់កិត្តិយសជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយលើការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា​ បានជំរុញឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់រៀបចំកីឡាជាតិនេះដំណើរការដោយរលូន និងជោគជ័យ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AKP បា​នឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

នៅក្នុងកិច្ចប្រជុំគណៈកម្មការជំនាញ ស្តីពីការរៀបចំការប្រកួកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញនេះ​ លោក​ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការទទួលបន្ទុករួមនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២បានផ្តល់ការណែនាំដល់តំណាងសហព័ន្ធកីឡាជាតិ រួមទាំងប្រតិភូកីឡារាជធានីខេត្ត-ក្រសួងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា និងការកាត់សេចក្តីដល់ការប្រកួតឱ្យយុត្តិធម៌ ដើម្បីរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ទទួលបានជោគជ័យ។

លោក​ ស សុខា បានជំរុញឱ្យភាគីពាក់ព័ន្ធកីឡាជាតិទាំងអស់ចូលរួមទប់ស្កាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា «ដូពីង» ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាតិមានភាពស្អាតស្អំ និងមុខមាត់កិត្តិយសជាតិ ពីព្រោះកីឡាជាតិមានគោលបំណងចម្បងឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោករដ្ឋលេខាធិការ​រូបនេះ​ បានលើកឡើងបន្ថែមថា៖​ «ខ្ញុំសូមផ្តាំផ្ញើដល់គ្រប់គណៈកម្មការទាំងអស់នៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ តំណាងសហព័ន្ធកីឡាជាតិទាំង៣៨ និងតំណាងកីឡាប៉ារ៉ាឡាំពិក ព្រមទាំងប្រតិភូរាជធានី-ខេត្តទាំងអស់សូមសហការឈ្វេងយល់ពីការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា ដើម្បីកុំឱ្យជាប់បម្រាមពីទីភ្ញាក់ងារប្រយុទ្ធប្រឆាំងដូពីងពិភពលោក (WADA) នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»។

ជាមួយគ្នានោះ លោក ស សុខា ក៏បានជំរុញឱ្យគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាជាតិទាំង៣៨​ យកចិត្តទុកដាក់ដឹកនាំការប្រកួតឱ្យបានល្អប្រសើរ ជាពិសេសគឺផ្តល់ភាពសុក្រឹត្យ យុត្តិធម៌ដល់គ្រប់ការប្រកួតទាំងអស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះទទួលបានជោគជ័យ។ «ការផ្តល់យុត្តិធម៌សម្រាប់ការប្រកួតនេះ គឺសំខាន់ណាស់ ឃើញសឱ្យស ឃើញខ្មៅឱ្យខ្មៅ។ នេះជាការផ្តល់ការលើកទឹកចិត្តដល់ការខិតខំរបស់កីឡាករ កីឡាការិនី ដែលខំប្រឹងធ្វើដំណើរពីខេត្តមកចូលរួមប្រកួត ដើម្បីឱ្យព្រឹត្តិការណ៍ទំាងមូលទទួលបានលទ្ធផលប្រកបផ្លែផ្កា និងអត្ថន័យ។ បើទោះបីជាពេលនេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាប្រមាណ ៦០ភាគរយ ទៅ៧០ភាគរយ ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសក្តី ក៏យើងត្រូវបន្តការខិតខំបន្ថែមទៀត និងកែលម្អចំណុចខ្វះខាត ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ជាតិនានា ជាពិសេសគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២មានប្រភេទកីឡាចំនួន៣៨ និងប៉ារ៉ាឡាំពិកមានចំនួន៧ ប្រភេទកីឡា (សរុប ៤០៥វិញ្ញាសា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសាគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ កែប កំពត ព្រះសីហនុ និងខេត្ តសៀមរាប។ ចំពោះពិធីបើកកីឡាជាតិ ជាផ្លូវការនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕

ដោយ៖សហការី​


ចែករំលែក៖