ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍ និងល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។ 

សូមជម្រាបជូនថា​ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាករកងពលតូចថ្មើរជើងលេខ ៤២ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញនេះ​ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។  

ក្នុងនោះដែរ ឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

  លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនិងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននិងមានសុខភាពល្អទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖