គ្រឿងស្រវឹងនឹងមិនត្រូវបានលក់នៅកីឡដ្ឋានទាំង៨សម្រាប់ការប្រកួតWorld Cup 2022 ក្នុងប្រទេសកាតា បន្ទាប់ពី FIFA បានផ្លាស់ប្តូរគោលការណ៍របស់ខ្លួនពីរថ្ងៃមុនពេលចាប់ផ្តើមការប្រកួត។
គ្រឿងស្រវឹងត្រូវបានគេកំណត់ឱ្យបម្រើ “ក្នុងតំបន់ដែលជ្រើសរើសក្នុងកីឡដ្ឋាន” បើទោះបីជាការលក់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្នុងប្រទេសម៉ូស្លីមមួយនេះក៏ដោយ។ អ្នកដែលស្ថិតក្នុងតំបន់សាជីវកម្មនៃកីឡដ្ឋានក្នុងការប្រកួតនឹងនៅតែអាចទិញគ្រឿងស្រវឹងបាន។ ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃអាទិត្យ នៅពេលដែលកាតាប្រកួតជាមួយអេក្វាឌ័រនៃថ្ងៃបើកឆាក។
តាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងថា “បន្ទាប់ពីការពិភាក្សារវាងអាជ្ញាធរប្រទេសម្ចាស់ផ្ទះ និង FIFA ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីផ្តោតលើការលក់ភេសជ្ជៈមានជាតិអាល់កុលក្នុងពិធីប្រកួតសម្រាប់អ្នកគាំទ្រ ដោយ FIFA ដាក់ទិសដៅទៅអ្នកគាំទ្រឲ្យមានកន្លែងផ្សេងទៀត ឬកន្លែងដែលមានអាជ្ញាប័ណ្ណ ដោយដកចំណុចលក់ស្រាបៀរចេញពីបរិវេណកីឡដ្ឋាន FIFA World Cup 2022 របស់ប្រទេសកាតា”។
សេចក្តីថ្លែងការបានបន្ថែមថា “នេះមិនមានផលប៉ះពាល់ដល់ការលក់ជាតិអាល់កុល ដែលនឹងនៅតែមាននៅគ្រប់កីឡដ្ឋានទាំងអស់ក្នុង World Cup របស់ប្រទេសកាតានោះទេ។ អាជ្ញាធរប្រទេសម្ចាស់ផ្ទះ និង FIFA នឹងបន្តធានាថាកីឡដ្ឋាន និងតំបន់ជុំវិញផ្តល់នូវបទពិសោធន៍រីករាយ ការគោរព និងរីករាយសម្រាប់អ្នកគាំទ្រទាំងអស់។ អ្នករៀបចំការប្រកួតសូមកោតសរសើរចំពោះការយោគយល់ និងការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន AB InBev ចំពោះការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការបំពេញតម្រូវការសម្រាប់មនុស្សគ្រប់គ្នាក្នុងអំឡុងពេល FIFA World Cup Qatar 2022”។
សមាគមអ្នកគាំទ្របាល់ទាត់ (FSA) បានរិះគន់ដល់ពេលវេលានៃការសម្រេចចិត្តហាមឃាត់ការលក់ស្រាបៀរសម្រាប់អ្នកគាំទ្រភាគច្រើន។
អ្នកនាំពាក្យ FSA បាននិយាយថា “អ្នកគាំទ្រខ្លះចូលចិត្តស្រាបៀរក្នុងការប្រកួត ហើយខ្លះមិនចូលចិត្ត ប៉ុន្តែបញ្ហាពិតគឺនាទីចុងក្រោយ ដែលនិយាយអំពីបញ្ហាកាន់តែទូលំទូលាយ គឺកង្វះទំនាក់ទំនង និងភាពច្បាស់លាស់ពីគណៈកម្មការរៀបចំចំពោះអ្នកគាំទ្រ។ ប្រសិនបើពួកគេអាចផ្លាស់ប្តូរគំនិតរបស់ពួកគេនៅលើការជូនដំណឹងមួយភ្លែតដោយគ្មានការពន្យល់ អ្នកគាំទ្រនឹងមានការព្រួយបារម្ភដែលអាចយល់បានអំពីថា តើពួកគេនឹងបំពេញតាមការសន្យាផ្សេងទៀតទាក់ទងនឹងការស្នាក់នៅ ការដឹកជញ្ជូន ឬបញ្ហាវប្បធម៌?”។
នៅក្នុងខែសីហា FIFA បានផ្លាស់ប្តូរកាលបរិច្ឆេទចាប់ផ្តើមនៃការប្រកួត World Cup ដូច្នេះការប្រកួតដំបូងគឺម្ចាស់ផ្ទះកាតាប៉ះនឹងអេក្វាឌ័រ។ការប្រកួតនេះត្រូវបានគេគ្រោងនឹងលេងនៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា និងសេណេហ្គាល់ទល់នឹងហូឡង់នឹងក្លាយជាការប្រកួតបើកឆាកមុនថ្ងៃនោះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters)