ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះទមា្លក់គ្រាប់ទៅកាន់ឧបទ្វីបកូរ៉េ ក្រោយ មេដឹកនាំ គីម ជុងអ៊ុន ប្រកាសប្តេជ្ញាបន្តធ្វើតេស្តអាវុធបរមាណូ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងតតាំងចំពោះការគំរាមកំហែងនៃអាវុធរបស់អាមេរិក តាមរយៈអាវុធបរមាណូដូចគ្នា ខណៈដែលលោកបានចុះត្រួតពិនិត្យការធ្វើតេស្តមីស៉ីលបាលិស្ទីគ ICBM ដែលក្រុមអ្នកជំនាញជឿថា មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីល ICBM ប្រភេទ Hwasong-17 បន្ទាប់ពីចេញមុខប្រកាសព្រមានឆ្លើយតបផ្នែកយោធា ឱ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត ចំពោះការដែលទីក្រុងវ៉ាស៉ីនតោន បង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ជាពិសេសការចល័តសព្វាវុធយុទ្ធសាស្រ្តសំខាន់ ដូចជានាវាផ្ទុកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកជាដើម។
តាមសារព័ត៌មាន AFP នៅថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន១គ្រឿង ត្រូវបានចល័តមកកាន់ឧបទ្វីបកូរ៉េសាជាថ្មីម្តងទៀតនាថ្ងៃសៅរ៍នេះ ដើម្បីចូលរួមការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង១ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM។
ទីក្រុងសេអ៊ូលបានប្រាប់ថា យន្តហោះ B-1B បានធ្វើការហ្វឹកហ្វឺនហោះហើរនៅលើដែនអាកាសរបស់កូរ៉េខាងត្បូង ជាមួយការអមដំណើរដោយក្រុមយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូង និងក្រុមយន្តហោះចម្បាំង F-16 របស់អាមេរិក។ រីឯកាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូងនិងអាមេរិក ក៏បានធ្វើលំហាត់ទម្លាក់គ្រាប់បែក និងហាត់សមហោះហើរក្នុងទម្រង់ប្រយុទ្ធរួមគ្នាផងដែរ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់តេស្តមីស៉ីល ICBM ១គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ zingnews.vn


ចែករំលែក៖