ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅកាន់តុលាការដំបូងខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ផ្តើមចេញពីការរក ឃើញជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២០ និងការរីករាលដាលជាបន្តបន្ទាប់ ធ្វើឲ្យមាន ការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង ដោយបង្កឲ្យមានការបាត់បង់ការងារធ្វើ ព្រមទាំងប្រាក់ចំណូលមាន ការធ្លាក់ចុះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនក្រីក្រ ដូចនេះដើម្បីជួយសម្រាលការលំបាករបស់ប្រជាជនដែលរង ផលប៉ះពាល់ពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះឡើង តាមរយៈអនុក្រឹត្យលេខ ៨៨ អន ក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ កម្មវិធីនេះតម្រូវឲ្យគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ កម្រិតភាពក្រីក្រ១ ឬកម្រិតភាពក្រីក្រ២ ដែលមានសុពលភាព អាចផ្ទៀងផ្ទាត់ឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ព័ត៌មាននៅតាមឃុំ សង្កាត់ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់កម្មវិធី ដោយគិតចាប់ពីថ្ងៃបានផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រហូតដល់កម្មវិធីត្រូវបានបញ្ចប់។

តាមរយៈការរាយការណ៍របស់ឈ្មោះ ជុំ ចិន្តា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃប័ណ្ណសមធម៌របស់ខ្លួន ទៅមន្ទីរ សង្គមកិច្ច អតតីយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្ដាលមក ក្រុមការងារចម្រុះនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយ សង្គម បានចុះពិនិត្យ និងស្រាវជ្រាវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី ក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ មានការចូលរួមពីលោក ឃឹម សំភារ អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ និងលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ដោយរកឃើញថា ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និងជាអ្នកអនុវត្ត កម្មវិធីនេះបានកិបកេងយកប័ណ្ណសមធម៌ចំនួន ២០ប័ណ្ណ ដែលមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨,០០០(ចិតសិបលាន ប្រាំបួនរយប៉ែតសិបប្រាំបីពាន់)រៀល ទើបលោក វ៉ន សារឿន តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) បានដាក់ពាក្យប្ដឹង ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តប្រព្រឹត្តដោយឈ្មោះ សុខ សុផា និងបានបញ្ជូន ឈ្មោះ សុខ សុផា មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ បន្ទាប់ពីទទួលបានពាក្យប្តឹង និងសង្ស័យ សុន សុផា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការសាកសួរ និងស្រាវជ្រាវជុំវិញករណីនេះឃើញថា អំពើរបស់ឈ្មោះ៖ សុខ សុផា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលជាសមត្ថកិច្ចផ្តាច់មុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទើបនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនសំណុំរឿង និងជនសង្ស័យ សុខ សុផា មកកាន់អង្គ ភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ តាមការស្រាវជ្រាវ អ.ប.ព. បានរកឃើញអង្គ ហេតុដូចតទៅ៖

ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក ប្រជាពលរដ្ឋដែលរស់នៅសង្កាត់តាខ្មៅដែលមានប័ណ្ណសមធម៌មាន សុពលភាព បានចាប់ផ្តើមយកប័ណ្ណសមធម៌របស់ខ្លួនទៅធ្វើការផ្ទៀតផ្ទាត់តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន នៅសង្កាត់តាខ្មៅ ដោយមានឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅជាអ្នកផ្ទៀងផ្ទាត់ ដើម្បីអាចទទួលបានលេខកូដវឹង ពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សម្រាប់ការបើកប្រាក់ឧបត្ថម្ភតាមបញ្ជោរវឹងណាមួយ តម្រូវឲ្យសាម៉ី ខ្លួននយកទៅជាមួយនូវប័ណ្ណសមធម៌ទៅបង្ហាញភ្នាក់ងារវីងនោះ ហើយភ្នាក់ងារធនាគារវឹង ត្រូវផ្ទៀងផ្ទាត់លេខ គណនីធនាគា ដោយប្រើប្រាស់លេខប័ណ្ណសមធម៌ និងបញ្ចូលលេខសម្ងាត់ និងថតរូបអ្នកបើកប្រាក់ដោយមានកាន់ ប័ណ្ណសមធម៌ រួចបញ្ចូនរូបថតនោះចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន មុននឹងផ្តល់ប្រាក់ជូនអ្នកទទួលផល។

ឆ្លៀតឱកាសក្នុងពេលចែកប័ណ្ណសមធម៌ និងក្នុងពេលផ្ទៀតផ្ទាត់ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភនោះឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅបានដកយកប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់តាខ្មៅ ចំនួន ១៨ប័ណ្ណ រក្សា ទុក ដើម្បីដកយកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ជាច្រើនលើកច្រើនដងចាប់ពីតាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ចវ វីងឈ្មោះ ពេជ្រ ម៉េង ដែលមានឈ្មោះដូចតទៅ៖១.ឈ្មោះ យ៉ុន ស្រីមុំ ២.ឈ្មោះ ឡេង ថា ៣.ឈ្មោះ ប៊ុន យីន ៤.ឈ្មោះ សឺង សែក ៥.ឈ្មោះ សឹង សូត្រ ៦.ឈ្មោះ ជុំ ខុន ៧.ឈ្មោះ ស្វាយ សុភា ៨.ឈ្មោះ យិន តារាសុខា ៩.ឈ្មោះ សោ គន្ធា ១០.ឈ្មោះ ខៀវ ចន្ថា ១១ ឈ្មោះ អាន សាអឹម ១២ ឈ្មោះ សុខ ណារី ១៣,ឈ្មោះ យាន សុចាន់ ១៤.ឈ្មោះ ជុំ ចិន្តា ១៥.ឈ្មោះ សុខ យ៉ាន ១៦.ឈ្មោះ សេង វណ្ណី ១៧.ឈ្មោះ ឌៀប ជន និង១៨.ឈ្មោះ យ៉ែម ពៅ ហើយសរុបជា ទឹកប្រាក់ចំនួន ៥២.៧៤៨.០០០(ហាសិបពីលាន ប្រាំពីររយសែសិបប្រាំបីពាន់)រៀល មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

តាមរយៈលទ្ធផលនៃការស៊ើបអង្គេត ការប្រមូលភស្តុតាង ការបញ្ជាក់ពីសាក្សី និងចម្លើយរបស់ជនសង្ស័យ អ.ប.ព. បានរកឃើញដូចខាងក្រោម៖

១-លោក វិន សារឿន ប្រធានការិយាល័យសុខមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាម្ចាស់បណ្ដឹងបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនសម្រាប់អ្នកដែលមានប័ណ្ណសមធម៌ដែលអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូត ដល់បច្ចុប្បន្ននេះ។ ដោយឡែកឈ្មោះ សុខ សុផា ដំបូងឡើយមានបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ឈ្មោះជុំ ចិន្តា ស្នើសុំឲ្យ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យជួយត្រួតពិនិត្យមើលគណនីរបស់ខ្លួន ព្រោះពុំដែលទទួលបានប្រាក់ ឧបត្ថម្ភទេ។ ក្រោយមកមន្ទីរបានរាយការណ៍ទៅក្រុមការងារក្រសួង និងពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថា ប័ណ្ណសមធម៌ របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់សរុប ១៦ខែ រួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០រៀល ស្មើនឹងទឹកប្រាក់សរុបចំនួន ៣៧១២០០០ រៀល។ បន្ទាប់មក ក្រុមការងារបានរកឃើញបន្ថែមនូវ ប័ណ្ណចំនួន ១៩ប័ណ្ណ ទៀតខុសប្រក្រតី ព្រោះក្រសួងសង្គមកិច្ចតម្រូវឲ្យអ្នកដែលមានប័ណ្ណសមធម៌ថតរូបកាន់ប័ណ្ណ ប៉ុន្តែ បែរជាមានតែរូបប័ណ្ណ និងរូបថតកាត់ចេញពីប័ណ្ណប៉ុណ្ណោះ ហើយនៅពេលដែលសួរបុគ្គលឈ្មោះ សុខ សុផា ខ្លួនក៏បាន ទទួលស្គាល់ផងដែរ។ ប៉ុន្តែប័ណ្ណទាំង ២០ នេះ នៅពេលផ្ទៀងផ្ទាត់ជាមួយប្រជាពលរដ្ឋជាក់ស្តែងមានៈ កំពត ដែល បានបើកប្រាក់ ជារៀងរាល់ខែ (ឈ្មោះ ម៉ម បែលអេឡែន ឈ្មោះ តាដិប កវី និង ឈ្មោះ យ៉ុន រកង) ហើយក៏មានស្ទន ឈ្មោះ យ៉ាន សុចាន់ ដូចនេះប័ណ្ណដែលឈ្មោះ សុខ សុផា បានបើកយកមានចំនួន ១៦ ប័ណ្ណ នៃប័ណ្ណ ដែលមានការសង្ស័យទាំង២០ប័ណ្ណខាងលើ។ ទន្ទឹមគ្នានោះ ក្រុមការងារក៏បានរកឃើញឈ្មោះថ្មីចំនួន ២ប័ណ្ណទៀត ដែលសាម៉ីខ្លួន ពុំ ដែលបានបើកប្រាក់ គឺឈ្មោះ ឌៀប ផន និងឈ្មោះ យ៉ែម ពៅ។ ដូចនេះប័ណ្ណដែលរកឃើញសរុបគឺចំនួន១៨ប័ណ្ណ។

២-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ជាក់ថា លោក សុខ សុផា អាចធ្វើការដក យកសាច់ប្រាក់របស់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌តាមរូបភាព ២ យ៉ាងគឺ៖

ប្រជាពលរដ្ឋមានប័ណ្ណសមធម៌ត្រូវបើកប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈវីងផ្ទេរប្រាក់ ប៉ុន្តែមានបញ្ហាខុសលេខ សម្ងាត់ ហើយតម្រូវឲ្យធ្វើការស្នើសុំលេខសម្ងាត់ថ្មីម្ដងទៀតទៅក្រសួងសង្គមកិច្ច តាមរយៈលោក សុខ សុផា ដោយ ត្រូវភ្ជាប់ជាមួយប័ណ្ណសមធម៌របស់ពួកគាត់ដើម្បីផ្ទៀងផ្ទាត់។ ពេលក្រសួងសង្គមកិច្ចផ្ដល់លេខសម្ងាត់ថ្មីដើម្បីបើក ប្រាក់ លោក សុខ សុផា ពុំបានបញ្ជួនលេខសម្ងាត់ថ្មី និងប័ណ្ណសមធម៌ទៅឲ្យម្ចាស់វិញទេ ដោយលោក សុខ សុផា រក្សាទុកប័ណ្ណ និងលេខសម្ងាត់ថ្មីនោះហើយបើកប្រាក់ យកខ្លួនឯងតែម្តង។

– ប្រជាពលរដ្ឋក្រីក្រដែលស្នើសុំធ្វើប័ណ្ណសមធម៌ថ្មីត្រូវធ្វើការស្នើសុំមកសង្កាត់តាមរយៈមេភូមិ ហើយសង្កាត់ត្រូវ រៀបចំឯកសារដើម្បីផ្ញើទៅក្រសួង បន្ទាប់ពីក្រសួងបានរៀបចំប័ណ្ណសមធម៌រួច ត្រូវប្រគល់មកសង្កាត់វិញ ដើម្បី ប្រគល់ជូនប្រជាពលរដ្ឋទើបអាចបើកប្រាក់ឧបត្ថម្ភបាន។ គាត់(ជៀម ខូយ) បានឲ្យលោក សុខ សុផា ប្រគល់ ប័ណ្ណ ជូនប្រជាពលរដ្ឋ ប៉ុន្តែលោក សុខ សុផា មិនបានប្រគល់ជូនប័ណ្ណសមធម៌នេះជូនប្រជាពលរដ្ឋទេ ដោយរក្សាទុក បើកប្រាក់យកទុកខ្លួនឯងទៅវិញ។

សូមអាននូវខ្លឹមសារ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅកាន់តុលាការដំបូងខេត្តកណ្តាល ទាំងស្រុងដូចខាងក្រោម ៕

ដោយ : សិលា


ចែករំលែក៖