ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ១២៩គ្រឿង​ នាថ្ងៃទី២០ ខែវិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖ កម្លាំង​នគរបាលទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ​ យានយន្តសរុបចំនួន ១២៩គ្រឿងទៀត នាថ្ងៃទី២០ ខែវិច្ឆិកានេះ។ ក្នុងនោះមានម៉ូតូ ១១០គ្រឿង និងរថយន្ត ១៩គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៧,៥៦៧គ្រឿង ក្នុងនោះមានម៉ូតូ ១១០,៥៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៨៥គ្រឿង។

ជាក់ស្ដែង​ចំពោះ​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ ឆៀក អត់បណ្ណបើកបរ និងសញ្ញាជាដើម។

ដោយឡែក​សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៧នាក់ (របួសធ្ងន់ ចំនួន ០៥នាក់)។ រយៈពេល៣២៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៦៤៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៥៤៤នាក់ របួស ៣,៦០២នាក់ (របួសធ្ងន់ ២,២៨១នាក់)។ 

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ ដោយ​៖សហការី​


ចែករំលែក៖