ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខកងទ័ពចិន សំដែងការរីករាយចំពោះទំនាក់ទំនងល្អរវាងកងទ័ពនិងកងទ័ពនៃប្រទេសកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខកងទ័ពចិនបានសំដែងនូវការរីករាយជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជា ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២។

​ការលើកឡើងរបស់ភាគីចិននៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលដែល​សម្តេច​បានអនុញ្ញាតឱ្យលោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាល្ងាច​ថ្ងៃអាទិត្យទី២០វិច្ឆិកា​នេះ ខណៈលោកបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ ខែវិច្ឆិកា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ៖នៅក្នុងជំនួបនេះលោក វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​និងសម្ដែង​នូវការ​អបអរសាទរជូន ចំពោះសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ច ប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ លោក វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសរវាងកង ទ័ពនិងកងទ័ព​ដែលកំពុងមាន​ទំនាក់ ទំនងល្អនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា៖ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែង អំណរគុណជូនចំពោះលោក វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ហើយ ក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជានិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិនដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖