ប្រទេសចិនត្រូវបានគេនិយាយថា ជាអតិថិជនដែលទំនងជាបានទិញមាសចំនួន៣០០តោនដែលក្រុមប្រឹក្សាមាសពិភពលោក World Gold Council (WGC) បានរាយការណ៍នៅក្នុងរបាយការណ៍ខែវិច្ឆិការបស់ខ្លួន។
ឆ្នាំនេះ ធនាគារកណ្តាលជុំវិញពិភពលោកបានបង្កើនការទិញមាសពី WGC ប៉ុន្តែអត្តសញ្ញាណរបស់ធនាគារណាដែល “ប្រមូល” ទិញមាសភាគច្រើននៅតែមិនច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ តាមការប៉ាន់ស្មានរបស់អ្នកជំនាញដែលសារព័ត៌មាន Nikkei ដកស្រង់នោះគឺទំនងជាថាប្រទេសចិនជាអ្នកទិញមាសច្រើនជាងគេ ដោយសារតែប្រទេសនេះត្រូវបានគេនិយាយថាកំពុងបង្កើនការស្តុកទុកមាសដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។
របាយការណ៍ខែវិច្ឆិការបស់ WGC បានបញ្ជាក់ថា ធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសជិត ៤00 តោនក្នុងរយៈពេលពីខែកក្កដាដល់ខែកញ្ញា។ ចំនួននេះបានកើនឡើងបួនដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានកើនឡើងយ៉ាងខ្លាំងធៀបនឹង ១៦៨ តោននៅក្នុងត្រីមាសទីពីរ និង ៨៧,៧ តោនក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះក៏ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦៧ មក។
សារព័ត៌មាន Nikkei បានផ្សាយថា ប្រទេសទួរគី អ៊ូបេគីស្ថាន និងឥណ្ឌាបានរាយការណ៍រៀងៗខ្លួនអំពីការទិញមាសរបស់ពួកគេក្នុងអំឡុងពេលខាងលើ។ តាមនោះទួរគីទិញ៣១,២តោន អ៊ូបេគីស្ថានទិញ២៦,១តោន និងឥណ្ឌាទិញ១៧,៥តោន ។ ដូច្នេះប្រទេសទាំងបីបានទិញសរុបចំនួន ៩០ តោន។ ហេតុនេះនៅប្រហែល៣០០តោនទៀតមិនទាន់ស្គាល់អ្នកទិញនៅឡើយ ។
ពីមុន WGC បានទទួលស្គាល់ថាមិនមែនគ្រប់ប្រទេសទាំងអស់រាយការណ៍ពីការកាន់កាប់មាសរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ ការវិភាគរបស់អ្នកជំនាញបង្ហាញថា អ្នកទិញអាថ៌កំបាំងត្រូវបានគេជឿថាជាប្រទេសចិន ហើយការផ្លាស់ប្តូរនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសនេះទៅលើប្រាក់ដុល្លារអាមេរិក។
អ្នកវិភាគទីផ្សារ Itsuo Toshima ព្យាករថា អ្នកទិញមាសភាគច្រើនទំនងជាចិន។ លោកបានមានប្រសាសន៍ថា “ប្រទេសចិនទំនងជាបានទិញមាសយ៉ាងច្រើនពីប្រទេសរុស្ស៊ី” ដោយបន្ថែមថាវាទំនងជាថាធនាគារប្រជាជនចិនបានទិញមាសស្តុកពីឃ្លាំង២០០០តោនរបស់រុស្ស៊ី។
ប្រទេសចិនក៏បានចាត់វិធានការស្រដៀងគ្នានេះដែរក្នុងពេលកន្លងមក។ ចាប់តាំងពីឆ្នាំ២០០៩ ប្រទេសនេះបានរក្សាការកាន់កាប់មាសរបស់ខ្លួនជាសម្ងាត់។ នៅឆ្នាំ២០១៥ ធនាគារកណ្តាលនៃប្រទេសចិនបានបង្ហាញថាខ្លួនកំពុងកាន់កាប់មាសប្រហែល៦០០តោន ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ប្រទេសចិនមិនមានរបាយការណ៍ណាមួយនៃការទិញមាសនោះទេ។
អត្ថបទ Nikkei ក៏បាននិយាយដែរថា ចិនកំពុងកាត់បន្ថយការកាន់កាប់ភាគហ៊ុនក្នុងរតនាគារអាមេរិកជាបណ្តើរៗ។ ទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិកបង្ហាញថា ប្រទេសចិនបានលក់ភាគហ៊ុនអាមេរិកចំនួន ១២១,២ ពាន់លានដុល្លារ ដែលស្មើនឹងមាសប្រហែល២២០០តោនចាប់តាំងពីខែកុម្ភៈមកទល់ពេលនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS
រូបថត ៖ TTXVN