ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ ក.ប.ប. អនុវត្តកាតព្វកិច្ចត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ ក្នុងបេសសកម្មការពារផលប្រយោជន៍ និងសុខភាពរបស់អ្នកប្រើប្រាស់ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង ព្រះវិហារ កោះកុង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តអនុវត្តភារកិច្ចដោយចុះត្រួតពិនិត្យតាមផ្សារ ផ្ទះលក់ទំនិញ ដេប៉ូចែកចាយទំនិញនានា ដោយបានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ រួមមានប្រហិតបង្កក នំ មី ទឹកដោះគោ ។ល។ សរុបចំនួន ១០៥.៧៩គីឡូក្រាមនិង ៤.៣២លីត្រ ពីទីផ្សារ។ 

ជាមួយគ្នានេះដែរ សាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិម្ហូបអាហារ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ ដោយបានដកយកសំណាកគំរូទំនិញម្ហូបអាហារចំនួន ៤៥គំរូ យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័ត។ ជាលទ្ធផលប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយនៅលើសំណាកគំរូម្ហូបអាហារទាំងនោះទេ។

គួរបញ្ជក់ផងដែរថា មន្ត្រី ក.ប.ប. បន្តអនុវត្តច្បាប់ ក៏ដូចជាបន្តណែនាំដល់អាជីវករអំពីច្បាប់នឹងបទប្បញ្ញត្តិនានា ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងជំរុញឱ្យមានការចូលរួមអនុវត្តច្បាប់ពីគ្រប់មជ្ឈដ្ឋាន៕

ដោយ​៖សហការី​


ចែករំលែក៖