ប៉ូលិសបែលហ្ស៊ិកត្រូវបង្ខំប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រដែលបានបង្កបញ្ហានៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីប្រទេសនេះបានចាញ់ម៉ារ៉ុក 0-2 ក្នុងការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតារ ។
អ្នកគាំទ្ររាប់សិបនាក់បានវាយបំបែកបង្អួចហាង បាញ់កាំជ្រួចនិងដុតរថយន្តនៅក្នុងរដ្ឋធានី Brussels ខណៈដែលការប្រកួតរវាងបែលហ្ស៊ិក នឹងម៉ារ៉ុកមិនទាន់ចប់នៅឡើយ។ ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនពួកជ្រុលនិយម១១នាក់។ មុខសញ្ញាមួយក្រុមនេះប្រដាប់ដោយដំបង ហើយត្រៀមវាយប៉ូលិសបង្ក្រាបទៀតផង។ អ្នកកាសែតជាច្រើននាក់បានរងរបួសពេលចុះយកព័ត៌មានពីហេតុការណ៍ហិង្សានេះ។
រដ្ឋាភិបាលក្រុងប្រ៊ុចសែលបានចល័តប៉ូលិសចំនួន១០០នាក់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម និងព្រមានប្រជាជនទូទាំងទីក្រុង។ ស្ថានីយរថភ្លើងក្រោមដីត្រូវបានបិទ ហើយផ្លូវនានាត្រូវបានបិទដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា។ សូម្បីតែប៉ូលិសក៏ត្រូវបញ្ជូនឧទ្ធម្ភាគចក្រទៅត្រួតពិនិត្យហេតុការណ៍នៅតាមផ្លូវផងដែរ។ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្សុិក។
អភិបាលក្រុងប្រ៊ុចសែល លោក Philippe Close បានសរសេរនៅលើ Twitter ថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនៅរសៀលនេះ។ ប៉ូលិសបានធ្វើអន្តរាគមន៍យ៉ាងខ្លាំង ខ្ញុំណែនាំអ្នកគាំទ្រកុំទៅទីប្រជុំជន។ ប៉ូលិសកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ខ្ញុំបានបញ្ជាឱ្យចាប់ខ្លួនអ្នកបង្កបញ្ហាទាំងអស់” ៕ ដោយ៖ ធីរីណា
រូបថត ៖ tienphong.vn