ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចរ៉ឺម៉កម៉ូតូកង់បី៤នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល: ក្រុមចោរលួចរ៉ឺម៉កម៉ូតូកង់បី៤នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកពញាឮក្របួចជាប់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១និង៣០នាទី ត្រង់ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះចំនួន០៣នាក់ ១-ឈ្មោះ កែម សាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល, ២-ឈ្មោះ សែម កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់បី និង៣-ឈ្មោះ វ៉ុន វណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទាំង០២នាក់មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល។  ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ ទី១-ឈ្មោះ សឿន រតនា ហៅ ក្រិច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក មានទីលំនៅភូមិព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល,  ទី២-ឈ្មោះ ឃន សុខាវ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល , ៣-ឈ្មោះ លាង សុខផល្លា ហៅ ឡា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក មានទីលំនៅភូមិទួលអំពិល ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាលនិងទី៤-ឈ្មោះ សុខ សាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។  ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖