ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ រថយន្ត២ គ្រឿងគ្រឿងញៀនជាង២០០គីឡូក្រាមបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាមួយនិងម្ចាស់ម្នាក់ក្នុងចំណោមបក្ខពួក២-៣ នាក់ ដែលកំពុងគេចខ្លួន ហើយនេះជាព័ត៌មានបឋម ដោយសមត្តកិច្ចមិនទាន់បានទម្លាយជាផ្លូវការនៅឡើយទេ ព្រោះកំពុងជាប់ដៃតាមប្រមាញ់ មេក្លោងជួញដូរគ្រឿងញៀនជាង ២០០គីឡូ នោះបន្ថែមទៀត ។ ទោះជាយ៉ាងណាក្តីសំណុំរឿងនេះបានស្ថិតនៅដៃលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ សូមជម្រាបថា ថ្មីៗនេះកម្លាំងសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តការបង្រាបលើករណីជួញដូរគ្រឿងមួយករណី ដោយធ្វើបានការឃាត់ខ្លួនឧក្រិដ្ឋ ជនជាឈ្មួញគ្រឿងញៀនម្នាក់ និងចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២០០ គីឡូ ៣៦៧ក្រាម ។ ក្រោយបញ្ចប់កិច្ចបង្ក្រាបសមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនជនឧក្រិដ្ឋម្នាក់នោះ និងវត្ថុតាងថ្នាំញៀនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមផ្លូវច្បាប់ ។ តាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានឲ្យដឹងថា មុននេះមានឈ្មួញគ្រឿងញៀនមួយក្រុម បាននិងមាន បំណងដឹកជញ្ជូនគ្រឿងញៀនជាង២០០គីឡូក្រាម ទៅកាន់ខេត្ត សៀមរាប និងឧត្តរមានជ័យ ក្នងគោលដៅនាំចេញទៅក្រៅប្រទេស តាមច្រកព្រុំដែនកម្ពុជា-ថៃ ប៉ុន្តែផែនការរបស់ក្រុមជនឧក្រិដ្ឋ ត្រូវបានធ្លាក់ចូលអន្ទាក់របស់កម្លាំងសមត្តកិច្ចនគរបាលជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ក្រសោបបានទាំងស្រុង ។ ប្រភព័ត៌មានបន្តថា ករណីខាងលើនេះសមត្តកិច្ចកំពុងបន្តការស្រាវជ្រាវ តាមរូបភាព (ជីកស្មៅត្រូវជីកទាំងឬស) ដើម្បីនាំយកមេក្លោង និងបក្ខពួកជួញដូរគ្រឿងញៀន មកកាត់ទោសតាមផ្លូវច្បាប់ឲ្យខានតែបាន ៕
ដោយ ៖ រ៉ារ៉ា