ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូសណ្ដោងរុឺម៉កបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាសក៏មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ពេលបើកម៉ូតូ​សណ្ដោងរុឺម៉កបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និងលេខ១៣៥ ស្ថិតក្នុងភូមិសាមគ្គី​ សង្កាត់ស្វាយតឿ​ ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះផាង សារ៉ុម  អាយុ៥០ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិកណ្តៀងរាយ​ ឃុំកណ្តៀងរាយ​ ស្រុកស្វាយទាប​ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៨៨៨៧ ខូចខាតទាំងស្រុង។

    ចំណែកភាគីអ្នកបើកម៉ូតូ​សណ្ដោងរុឺម៉កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពការណ៏មិនស្រួលបានបើកគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្ដង។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៨៨៨៧លើផ្លូវជាតិលេខ១ដោយធ្វើដំណើរពីលិចទៅកើតខណៈនោះស្រាប់តែម៉ូតូ​សណ្ដោងរុឺម៉កមួយគ្រឿងបើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នាបានមកបុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

ក្រោយមកដោយឈ្មោះផាង សារ៉ុម  រងរបួសធ្ងន់បានស្លាប់នៅនឹងកន្លែងកើតហេតុគួរឱ្យសង្វេគបំផុត។

    ចំណែកមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់។

សពត្រូវបានសមត្ថកិច្វប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖