ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រៀមកោះប្រជុំទ្រង់ទ្រាយធំស្តីពីយុទ្ធសាស្ត្រទប់ទល់អាមេរិកនិងកូរ៉េខាងត្បូង

ចែករំលែក៖

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងកោះប្រជុំមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះនាចុងឆ្នាំ២០២២ ដើម្បីពិភាក្សានៅអ្វីដែលលោក គីម ជុងអ៊ុន ហៅថា កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោននិង សេអ៊ូល។
នៅថ្ងៃទី១ខែធ្នូ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន នឹងកោះប្រជុំមន្ត្រីនយោបាយរបស់គណបក្សពលករ ដើម្បីវាយតម្លៃពីសកម្មភាពអនុវត្ត
នយោបាយក្នុងឆ្នាំ២០២២ និងបើកមហាសន្និបាតមជ្ឈិមបក្សនៅក្នុងខែធ្នូនេះដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះកូរ៉េខាងជើងតែងតែបើកកិច្ចប្រជុំនៅចុងឆ្នាំដើម្បីវាយតម្លៃ លើគោលនយោបាយសេដ្ឋកិច្ច កិច្ចការបរទេស និងការអភិវឌ្ឍសព្វាវុធ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៉ីនតោនកំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍមីស៉ីលដែលត្រូវបានហាមឃាត់ ហើយអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរសាជាថ្មី ថែមទៀត។
«នាពេលនេះ យើងកំពុងចាត់ចែងរៀបចំសំណុំចំណាត់ការទណ្ឌកម្មថ្មីទៀត»។ លោក ស៊ូលីវ៉ាន់ បាននិយាយយ៉ាងដូច្នេះពាក់ព័ន្ធ បញ្ហាកូរ៉េខាងជើងប្រាប់សន្និសីទមួយ ដែលរៀបចំឡើងនៅឯទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ លោក ស៊ូលីវ៉ាន់ ដែលថ្លែងតាមប្រព័ន្ធវីដេអូអនឡាញពុំបានបកស្រាយលម្អិតបន្ថែមឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៉ីនតោនបន្តប្តេជ្ញាប្រើប្រាស់ការដាក់សម្ពាធនិងមធ្យោបាយការទូតដើម្បីព្យាយាមជំរុញឱ្យកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបន្តថា គោលនយោបាយកូរ៉េខាងជើងរបស់រដ្ឋបាលលោក ចូ បៃដិន គឺរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយអាមេរិកនៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការឆ្ពោះទៅរកគោលដៅនេះឱ្យបាន ហើយរក្សានូវភាពបត់បែនក្នុងការធ្វើការរួមគ្នាជាមួយដៃគូ ជុំវិញវិធីសាស្រ្តដើម្បីសម្រេចវាឱ្យបាន។ លោកក៏បានរំលេចពីការបង្កើន កិច្ចសហការរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរ។
យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាងធ្លាប់បាននិយាយហើយថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺមិនអាចទៅរួចជាដាច់ខាត ហើយបានចោទសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថា ប្រកាន់គោលនយោបាយបង្កភាពជាសត្រូវប្រឆាំងលើខ្លួន រួមមានទាំងការដាក់ទណ្ឌកម្ម ដែលជាហេតុធ្វើឱ្យកូរ៉េខាងជើងគ្មានជម្រើសអ្វីក្រៅតែពីខិតខំពង្រីកកម្លាំងយោធា។ ជុំវិញរឿងនេះ លោក ស៊ូលីវ៉ាន់ បានអះអាងថា ទីក្រុងវ៉ាស៉ីនតោនពុំមានចេតនាអាក្រក់ចំពោះកូរ៉េខាងជើងទេ ហើយបើកទ្វារចំហជានិច្ចសម្រាប់កិច្ចចរចា និងដោយមិនមានការកំណត់លក្ខខណ្ឌទុកជាមុនឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ KCNA

រូប​ថត​ ៖ DPA


ចែករំលែក៖