ខេត្តស្វាយរៀង៖ ដោយមានការកកស្ទះក្នុងការធ្វើចរាចរណ៍នៅជុំវិញបរិវេណផ្សារវាលយន្ត រដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើការរៀបចំការតាំងលក់ និងអាជីវករដែលលក់រំលោភលើផ្លូវសាធារណៈនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក សាំង ឡៃ តំណាងលោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ។
លោក សាំងឡៃ នាយករងរដ្ឋបាលក្រុងស្វាយរៀងបានឱ្យដឹងថា យោងតាមបទបញ្ជារបស់លោកអភិបាលក្រុង រយៈពេល២ថ្ងៃមកនេះក្រុមការងារ បានសហការជាមួយលោកអធិការ ចៅសង្កាត់ស្វាយរៀង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ព្រមទាំងប្រជាការពារភូមិ ចុះធ្វើការរៀបចំការតាំងលក់របស់ប្រជាពលរដ្ឋ និងអាជីវករដែលលក់រំលោភលើផ្លូវសាធារណៈនៅជុំវិញផ្សារវាលយន្ត។
លោកបន្តថាបងប្អូនអាជីវករបានយកផ្លូវសាធារណៈនៅជុំវិញផ្សារវាលយន្ត ធ្វើជាកន្លែងសម្រាប់លក់ចែកចាយ និងបោះដុំបន្លែបង្ការ ត្រីសាច់ ធ្វើឱ្យមានការកកស្ទះដល់ការចតយានជំនិះគ្រប់ប្រភេទ។
មិនតែប៉ុណ្ណោះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព អនាម័យ និងបរិស្ថានផងដែរដោយនាពេល កន្លងមកអាជ្ញាធរតែងតែទទួលបានការរិះគន់ធ្ងន់ៗពីសំណាក់អ្នកធ្វើដំណើរ ជុំវិញនៃការកកស្ទះនោះ។
លោក ក៏បានបញ្ជាក់ផងដែរថា ទីតាំងនោះ សម្រាប់រដ្ឋបាលក្រុងក៏ដូចគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ក្រុង ធ្លាប់បានធ្វើការជូនដំណឹង និងហាមរួចហើយមិនឱ្យមានការដាក់តាំងលក់ដែលនាំឱ្យបង្កការកកស្ទះ ពិសេសសម្រាប់អ្នកលក់ក្នុងផ្សារក៏មិនឱ្យលក់ហៀរ ឬដាក់តុកៅអី ឬឆ័ត្រលើផ្លូវនោះដែរ តែពួកគាត់នៅតែបំពាននឹងបម្រាមធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងសោភ័ណភាពនៃផ្សារទាំងមូល ហើយការតាំងលក់ហៀរមកលើផ្លូវ បូករួមនឹងការចតយានជំនិះរបស់ប្រជាពលរដ្ឋ នោះធ្វើឱ្យផ្ទៃផ្លូវទាំងមូលបានរួមតូច ហើយធ្វើឱ្យចរាចរណ៍ជុំវិញបរិវេណផ្សារមិនដំណើរការទៅរួច។
លោក សាំង ឡៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ត្រូវបញ្ឈប់ការរំលោភយកផ្លូវសាធារណៈធ្វើជាកន្លែងតាំងលក់ដោយខុសច្បាប់ទៀត កុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ហើយបើនៅតែផ្គើននឹងការរៀបចំនេះអាជ្ញាធរក្រុងនឹងចាត់វិធានការតាមច្បាប់ ៕
ដោយ៖ សុថាន