ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, ការយល់ និងស្ញប់ស្ញែញពីកម្ពុជាបច្ចុបន្ន មិនអាចកាត់ផ្តាច់ចេញពីការយល់ពីអតីតកម្ពុជាឡើយ។ ប្រមាណជិត ៥០០ ឆ្នាំចុងក្រោយ ប្រទេសដ៏តូច និងកំសត់នេះ បានទទួលរងនូវភ្លើងសង្ក្រាមឥតឈប់ឈរ ជាពិសេសសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរគ្នាឯង។ ប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ បាត់ម្ចាស់ការ។ ប្រជាជន រងទក្ខវេទនា រកអ្វីមកពណ៌នាមិនត្រូវ។ ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ក្តីសង្ឃឹមថ្មីមួយបានបង្ហើបចេញពីបបូរមាត់មេដឹកនាំខ្មែរក្រហម ប៉ុន្តែក្តីសង្ឃឹមនេះ បានគ្របដណ្តប់មកវិញដោយឈាម និងទឹកភ្នែករបស់ជនរងគ្រោះប្រមាណជិត ២លាននាក់ ដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌ជាទីបំផុត។
លោកបណ្ឌិតថ្លែងថា, ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុវជនខ្មែរមួយក្រុមតូច សម្រេចចាកចេញពីគ្រួសារជាទីស្រលាញ់ ប្តូរជីវិតដើម្បីរើបម្រះជាតិ និងមាតុភូមិរបស់ខ្លួនចេញពីរបបដ៏ខ្មៅងងឹតនេះ។ ការតស៊ូរបស់យុវជនមួយក្រុមនេះ បានពូនពរទៅជាចលនាជាតិ ដែលគេស្គាល់ថា ជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាផ្លូវការនាថ្ងៃ ០២ ខែធ្នូ ឆ្នាំ ១៩៧៨។ ដោយមានការគាំទ្រពីកម្មាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី នៅថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ចលនានេះ បានផ្តួលរំលំរបបខ្មែរក្រហមដោយជោគជ័យ និងបានរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនៃបនប្រល័យពូជសាសន៏ខ្មែរក្រហម។
ក្តីសង្ឃឹមពិត បានមកស្រោចស្រពលើទឹកដីកម្ពុជា។ ស្នាមញញឹមថ្មី បានពោរពាសលើផ្ទៃមុខជនកម្ពុជាគ្រប់រូប។ ជីវភាពថ្មី បានធ្វើឲ្យកម្ពុជារស់បានក្នុងភាពថ្លៃថ្នូរ។ មានស្មារតីនេះហើយ ទើបកម្ពុជាមានថ្ងៃនេះ។ ថ្ងៃដែលកម្ពុជា មាននូវការរីកចម្រើន ការអភិវឌ្ឍ និងសន្តិភាពពិតៗ ចេញពីគំនរផេះផង់ នៃភ្លើងសង្រ្គាម។
យុវជនជំនាន់ក្រោយ ត្រូវចងចាំជានិច្ច ស្មារតី ២ធ្នូ និងបុព្វហេតុយុវជនជំនាន់មុនក្នុងបុព្វហេតុមាតុភូមិ ៕
ដោយ : សិលា