ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ករណីដេញវាយគ្នាតាមផ្លូវទីសាធារណៈ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់ ៖​ ក្មេងទំនើងចំនួន​ ២នាក់​ ត្រូវ​បានម្លាំងនគរបាលខេត្ត​ពោធិ៍សាត់​ ចុះបង្រ្កាប​និងឃាត់ខ្លួន​ជាក់ស្ដែង​ក្នុងករណីដេញវាយគ្នាតាមផ្លូវទីសាធារណៈ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២។ 

បេីតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ ការឃាត់ខ្លួនក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​៨និង៣០នាទីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

របាយការណ៍​ដដែល​បន្តថា​ មុនពេលឃាត់ខ្លួនជនដៃដល់​ខាងលេីនេះ​ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖ ដែកទីបចំនួន០១ដើម​ ,ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ​៖អារុណ​រះ


ចែករំលែក៖