ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងចំនួន ២នាក់ ត្រូវបានម្លាំងនគរបាលខេត្តពោធិ៍សាត់ ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្ដែងក្នុងករណីដេញវាយគ្នាតាមផ្លូវទីសាធារណៈ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២។
បេីតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ការឃាត់ខ្លួនក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
របាយការណ៍ដដែលបន្តថា មុនពេលឃាត់ខ្លួនជនដៃដល់ខាងលេីនេះ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖ ដែកទីបចំនួន០១ដើម ,ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕
ដោយ៖អារុណរះ