ខេត្តកណ្តាល ៖ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលជាង៣ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះឱ្យខេត្តកណ្ដាល នៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា។ ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា
និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន៣,៤៥៧នាក់ នៃខេត្តកណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា ៕
ដោយ : សិលា