ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បង្ក្រាបករណីករណី៖ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ស្ត្រីជនជាតិ INDONESIA ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបសាធារណជន និងសារព័ត៌មានបណ្តាញសង្គមមេត្តាជ្រាប៖

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីករណី៖ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ស្ត្រីជនជាតិ INDONESIA ០១នាក់ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក (កាស៊ីណូហ្គ្រេនដ្រាហ្គន)។ 

-កើតហេតុ៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទី។

-ចំណុច៖ លើផ្លូវបេតុងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សឿន គឹមសៀក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក

-ម៉ូតូគុប មូល ពណ៌ខៀវចាស់ គ្មានផ្លាកលេខ០១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា, សភាពរឿងហេតុ កាលពីព្រឹកវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបាន ដើរចេញពីបន្ទប់ស្នាក់នៅគោលបំណងទៅកន្លែងដូរលុយរកទិញអីហូប មកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ០១នាក់ បានបើកម៉ូតូមកតាមពីក្រោយរួចហើយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ទៅ។

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយស្វែងរកចាប់ជនសង្ស័យ ហើយនឹងសម្ភារៈដែលបាត់បង់យកមកវិញ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចនគរបាលយើង បានធ្វើការស្រាវជ្រាវឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ទើបស្គាល់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង ៕

ដោយ : សហការី


ចែករំលែក៖