ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ទាំងយប់ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្ដកន្រ្ដៃគ្មានភ្លើងបំភ្លឺផ្លូវនិងស្លាកសញ្ញាសំគាល់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកពីក្រោយគោយន្ដកន្រ្ដៃគ្មានភ្លើងបំភ្លឺផ្លូវ និង ស្លាកសញ្ញាសំគាល់ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២  លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៥១និង៥២  ស្ថិតនៅចំណុចភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សយ វ៉ែន  អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដ ស្វាយរៀង បើកម៉ូតូ ម៉ាក ហុងដាវ៉េវ សេ១១០ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១P-៩២៤៤ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកគោយន្តកន្ត្រៃមាន ឈ្មោះ សិង ស៊ីវុត្ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរមានឈ្មោះ ភឿន ធិម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ  រស់នៅភូមិចំការចេកទី២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានគោយន្ដកន្ដ្រៃ មួយគ្រឿងដឹកឈើ ដើមត្រាចមួយដើមដោយធ្វើដំណើរពីទិសខាងត្បូងទៅជើងដោយគ្មានភ្លើងបំភ្លឺផ្លូវ និង ស្លាកសញ្ញាសំគាល់ខណ:នោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាវ៉េវ សេ១១០ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១P-៩២៤៤ក្នុងទិសដៅស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកចំដើមត្រាចពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំពោះវត្ថុតាងធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែកដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖