ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា គាត់នឹងមិនចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិទេ បន្ទាប់ពីដឹកនាំអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ។ ខ្សែប្រយុទ្ធលេងឲ្យក្រុម Paris St-Germain ត្រូវបានសួរអំពីអនាគតរបស់គាត់ដោយស្ថានីយ៍ទូរទស្សន៍អាហ្សង់ទីន TyC Sports បន្ទាប់ពីជួយក្រុមមកពីអាមេរិកខាងត្បូងបានយកឈ្នះបារាំង ៤-២ ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ៣-៣ ។
Messi មានអាយុ៣៦ឆ្នាំនៅឆ្នាំក្រោយ ប៉ុន្តែជឿជាក់ថា គាត់មានច្រើនក្នុងការផ្តល់ជូនប្រទេសរបស់គាត់។ គាត់បាននិយាយថា “ខ្ញុំស្រលាញ់បាល់ទាត់ វាជាអ្វីដែលខ្ញុំធ្វើ។ ខ្ញុំរីករាយក្នុងការជាប់ជម្រើសជាតិ ហើយចង់បន្តដោយឆ្លងកាត់ការប្រកួត២-៣ទៀតក្នុងនាមជាជើងឯកពិភពលោក”។
គាត់បានបន្ថែមថា “ច្បាស់ណាស់ខ្ញុំចង់បិទអាជីពរបស់ខ្ញុំហើយខ្ញុំមិនអាចសុំអ្វីទៀតទេ”។ Messi ដែលលេងក្នុង World Cup ជាលើកទី៥របស់គាត់ ស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយថែមទាំងបានស៊ុតបាល់ប៉េណាល់ទីក្នុងការយកឈ្នះបារាំងក្នុងបាល់កាត់សេចក្តីផងដែរ។ គាត់បានឈ្នះជាកីឡាករឆ្នើមនៅ World Cup ឆ្នាំនេះដែលជារង្វាន់ដល់កីឡាករល្អបំផុតបន្ទាប់ពីស៊ុតបញ្ចូលទីបាន៧គ្រាប់។
Messi នឹងមានអាយុ៣៩ឆ្នាំក្នុងការប្រកួត World Cup បន្ទាប់ ហើយគាត់ធ្លាប់បានប្រាប់ពីមុនថា ការលើកនេះនៅប្រទេសកាតានឹងក្លាយជាលើកចុងក្រោយរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹកលោក Lionel Scaloni និយាយថា គាត់ចង់បាន Messi ក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតឆ្នាំ២០២៦ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
លោកបានបន្តថា “ជាដំបូង យើងត្រូវរក្សាទុកកន្លែងមួយសម្រាប់គាត់សម្រាប់ការប្រកួត World Cup 2026 លើកក្រោយ។ ប្រសិនបើគាត់ចង់បន្តលេង គាត់នឹងនៅជាមួយយើង។ ខ្ញុំគិតថាគាត់មានសិទ្ធិច្រើនជាងក្នុងការសម្រេចចិត្តថា តើគាត់ចង់បន្តលេងឱ្យអាហ្សង់ទីនឬអត់ ឬគាត់ចង់ធ្វើអ្វីជាមួយអាជីពរបស់គាត់។ វាពិតជារីករាយណាស់សម្រាប់ពួកយើងក្នុងការបង្វឹកគាត់ និងមិត្តរួមក្រុមរបស់គាត់។ អ្វីគ្រប់យ៉ាងដែលគាត់បានជួបរហូតដល់មិត្តរួមក្រុមរបស់គាត់គឺជាអ្វីមួយដែលមិនអាចប្រៀបផ្ទឹមបាន អ្វីមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ កីឡាករម្នាក់ មនុស្សដែលផ្តល់ច្រើនដល់មិត្តរួមក្រុមរបស់គាត់” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)