ព័ត៌មានទាន់ហេតុការណ៍៖

អតីតអភិបាលរងខេត្តកែប គេចខ្លួន តាំងពីបានប្រព្រឹត្តការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ខណៈសមត្ថកិច្ចបញ្ជូនតែសំណុំរឿងទៅតុលាការ !

ចែករំលែក៖

ខេត្តកែប ៖ អភិបាលរងខេត្តកែប លោក ភូ លិ កំពុងគេចខ្លួនក្រោយពីសមត្ថកិច្ច បានបញ្ជូនសំណុំរឿង ករណីអំពីប្រព្រឹត្តការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ល្បីរន្ទឺពេញខេត្តកែប និងបច្ចុប្បន្ន ក្លាយជាជនម្នាក់ត្រូវបានមជ្ឈដ្ឋានទូទៅតាមដាន បន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់់មុខដំណែង ចំពោះការប្រព្រឹត្តបទល្មើស របស់ខ្លួនទៅលើស្ត្រីទន់ខ្សោយ ។ 

សូមបញ្ជាក់ថា ៖ សមត្ថកិច្ច បានបញ្ជូនសំណុំរឿង ស្តីអំពីការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ដល់ស្ត្រីម្នាក់ទៀត ដល់តុលាការ ស្របពេលអតីត អភិបាលរងខេត្តកែប ដែលរងបណ្តឹងកំពុងគេចខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គេយល់ឃើញថា មិនអាចគេចខ្លួនបានទេ គួរតែមកដោះស្រាយចំពោះមុខច្បាប់ ប្រសើរជាងការគេចខ្លួន យូរនិងឆាប់ តុលាការបញ្ជាអោយចូលខ្លួន ប្រើប្រាស់កម្លាំងសមត្ថកិច្ចនាំខ្លួនដដែល។ 

សូមជម្រាបថា, នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបញ្ជាក់ថាៈ ស្នងការដ្ឋាន បានបញ្ជូន សំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ក្រោមបទសង្ស័យបៀតបៀន និងបង្ករបួសស្នាម ទៅសាលាដំបូង រួចរាល់ហើយ។ ពេលនេះ សមត្ថកិច្ច កំពុងរង់ចាំអនុវត្តបន្ត ក្រោយពីមានសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការ។

លោកស្នងការ បានបញ្ជាក់ទៀតថាៈ អតីតអភិបាលរងខេត្តកែប រូបនោះ បានគេចខ្លួន បន្ទាប់ពីបង្កហេតុភ្លាមៗ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ បានអញ្ជើញ ចូលរួមក្នុងពិធីជប់លៀងអបអរសាទរ ពិធីចូលកាន់តំណែង ប្រធានមន្ទីរបរិស្ថានខេត្តកែប។ កាលនោះដោយមានភាពស្រវឹងជាប់ខ្លួនផង លោកអតីតអភិបាលរងខេត្តរូបនេះ បានដើរទៅតុមួយ រួចថើបក្បាលស្ត្រីឈ្មោះ ទ.ម.រ ក្នុងបំណងបៀតបៀន។ បន្ទាប់ពីសាមីខ្លួន ហាមមិនឲ្យធ្វើទង្វើមិនសមរម្យបែបនេះ ព្រោះនាងមានប្តី លោក ភូ លិ ក៏ត្រឡប់ទៅតុវិញ។ មួយសន្ទុះក្រោយមក អតីតអភិបាលរងខេត្ត ក៏ដើរមកម្តងទៀត ទើបស្រ្តីម្នាក់ ជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញ បំណងត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងមានបញ្ហាកើតឡើង។ ឃើញដូច្នោះ លោក ភូ លិ ក៏យកកែវស្រា គប់សំដៅទៅលើស្ត្រី ទ.ម.រ តែចៃដន្យ កែវនោះ បានត្រូវចំ អ្នកនាំចេញ បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន ត្រូវគ្រូពេទ្យដេរ ចំនួន ១៦ ថ្នេរ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង ២នាក់ បានដាក់បណ្តឹងចូលសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយនេះដែរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២  រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ១២០២ អនក្រ.តត មានខ្លឹមសារថា ត្រូវបានបញ្ចប់មុខតំណែង លោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងខេត្តកែប ។

ការប្រព្រឹត្តរបស់ អតីតអភិបាលរងខេត្តរូបនេះ សមណាស់ដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំង ក៏គាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ច តុលាការ និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់តំណែងភ្លាមៗ។ 

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញញាត្តិគាំទ្រ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់មុខតំណែង លោក ភូ លិ ពីអភិបាលរង ខេត្តកែប ហើយអោយមានការផ្តន្ទាទោសជននេះទៀតផង ៕

ដោយ ៖ សហការី


ចែករំលែក៖