ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ សាធារណរដ្ឋឥណ្ឌូនេស៊ី ជាអ្នកចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជាឱ្យមានសន្តិភាពរហូតសព្វថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជារហូតធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

  ការសំដែងនូវការអរគុណពីសំណាក់លោក ឃួង ស្រេងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ។ ក្រោយពីជំនួបសម្តែងការគួរសម និងជម្រាបលាហើយ លោកឃួង ស្រេងនិងលោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekar no) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសនេះផងដែរ។

  លោកឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។ ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ ។

  លោក ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។

  បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេងក៏បានមានប្រសាសន៍លើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា៖ រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕ 

     

ដោយ ៖ សំរិត


ចែករំលែក៖