ខេត្តស្វាយរៀង ៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តាំផ្ញើលោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីសូរិយោដីទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អ ពោលគឺសំដៅ លុបបំបាត់ ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការ។
ការផ្ដាំផ្ញើបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងឱ្យកាន់តំណែងជាផ្លូវការប្រធានមន្ទីររៀបចំដែនដីខេត្តនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកអភិបាលរងខេត្តព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ម៉ែន វិបុល បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណលោក គឹម ពិសិដ្ឋ ដែលក្នុងរយៈពេល២៨ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដី ក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល១០ឆ្នាំកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោក បានបញ្ជាក់ថា មន្ទីរសូរិយោដី ក៏បានកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្រប សម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវ កំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។
ក្នុងឱកាសនោះលោក ថេង ចន្ទ័សង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ខេត្តចំនួន៤ ក្នុងនោះមានខេត្តស្វាយរៀងមួយដែរ ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ច ហើយការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រពន្ធ័បានច្រើន អាចកាត់បន្ថយជម្លោះក៏បានច្រើនដែរ សម្រាប់ខេត្តស្វាយរៀង ការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធទើបតែអនុវត្តបានចំនួន ៣៤២ភូមិ ស្មើ ៤៨ឃុំសង្កាត់ ក្នុងចំណោម ៨០ ឃុំសង្កាត់ ដូច្នេះ នៅសល់ឃុំ សង្កាត់មួយចំនួនទៀតដែលត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធ សូមមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាដើម្បីធ្វើកិច្ចការងារនេះឱ្យបានរលូនផងដែរ។
លោកក៏ បានណែនាំដល់មន្ត្រីសូរិយោដីត្រូវចុះពិនិត្យគុណភាពសំណង់ ជំរុញដល់ប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈផងដែរ។
សូមបញ្ជាក់ថា លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដីខេត្តស្វាយរៀង ខណៈលោក គឹម ពិសិដ្ឋ ពីប្រធានមន្ទីររៀបចំដែនដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែងវិញ ៕
ដោយ៖ សុថាន