ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៧នាក់រួមទាំងវត្ថុតាងពាក់ព័ន្ធករណីលួចឈើក្នុងស្នាក់ការរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះអនុវត្តពាក្យបណ្ដឹងលោក ម៉ៅ ចាន់ដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាមន្រ្តីរដ្ឋបាលព្រៃឈើមានមុខងារជានាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ជាបន្តបន្ទាប់ រួមទាំងវត្ថុតាងផងដែរដែលជាប់ពាក់ព័ន្ធក្នុងករណីផ្លោះរបងចូលលួចឈើប្រភេទប្រណីត ។

    លោក ម៉ៅ ចាន់ដារ៉ា មន្ត្រីរដ្ឋព្រៃឈើជាម្ចាស់ពាក្យបណ្ដឹងបានឱ្យអ្នកសារព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នេះថា ការបាត់បង់ចំនួនឈើពិតប្រាកដនោះពុំទាន់ច្បាស់នោះទេ លុះត្រាណាពិនិត្យបញ្ជីនិងឈើជាក់ស្ដែង ប៉ុន្តែការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញរយៈកាលនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ជាបន្តបន្ទាប់រួមទាំងវត្ថុតាង ក្នុងនោះលើកទី១សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមទាំងវត្ថុតាង(ឈើ)ប្រភេទប្រណីតធ្នង់ចំនួន៣៩ដុំ ស្មើនឹងចំនួន០.៦៩៩ម៉ែត្រត្រីគុណ ដែលមានជនសង្ស័យទី១-ឈ្មោះ កែវ ណុប ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ទី២ -ឈ្មោះ រឹម មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៣- ឈ្មោះ វ៉ិត រ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ទី៤ -ឈ្មោះ ឈ្លៀង ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ទី៥- ឈ្មោះ ស៊ុយ ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងទី៦- ឈ្មោះ រឿន រ័ត្នធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ មានទីលំនៅភូមិព្រែកទី២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។  ពួកគេបានប្រាប់សមត្ថកិច្ចថា ឈើដែលលួចបានគេយកទៅលក់បានលុយចំនួន១.៥០០.០០០៛(មួយលានប្រាំសែនរៀលគត់)។

    លោក ម៉ៅ ចាន់ដារ៉ា ម្ចាស់ពាក្យបណ្ដឹងបន្តទៀតថា លើកទី២ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតដែលពេលនេះកំពុងបន្តនីតិវិធីនៅឡើយ និងវត្ថុតាងឈើប្រភេទប្រណីតធ្នង់ចំនួន៧ដុំ ស្មើនឹងចំនួន០.៧៤៩ម៉ែត្រត្រីគុណ សរុបទាំង២លើកឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ វត្ថុតាងឈើចំនួន១.៤៤៨ម៉ែត្រត្រីគុណ ។

    ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលគេពុំទាន់បង្ហាញអត្តសញ្ញាណនោះ អាចបណ្ដាលមកពីនៅមានអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ទៀត ខណៈដែលលេចឮចំនួនរហូតទៅដល់ជាងម្ពៃនាក់ទៀតឯណោះ ។ ពាក់ព័ន្ធនឹងស្នាក់ការ(ផ្នែករដ្ឋបាលព្រៃឈើក្រវាញ)នេះ មានបញ្ហាច្រើនលើកច្រើនសាមិនចេះចប់ ទេ នាយផ្នែក(គ្រប់គ្រង)ប្ដូរច្រើននាក់ដែរ។ កន្លងទៅភ្លើងឆេះវត្ថុតាងឈើនិងរថយន្តដែលបង្រ្កាបបានចោរលួចឈើ។ល។  នេះក៌ដោយសារតែមានតែស្នាក់ការឯមន្រ្តីពុំសូវមានវត្តមាននោះទេ។ ចាំមើលម្ដងនេះ! មានលោក សួស សុផានិត ជានាយផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ ដែលគេមើលឃើញស្នាក់ការស្ងាត់ជ្រងំគ្មានមន្រ្តីនោះទេ ដូច្នេះស្មើស៊ីប្រាក់ខែរដ្ឋព្រីៗហើយទេឬ? ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖