ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាង​ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាង​ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​សុខាភិបាល​ បានបញ្ជាក់ថា៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថាៈ ក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR“ជាច្រើនមុខគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវ ឧិរាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឬផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលខាងលើនេះជាបន្តទៀតនឹង ត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR” ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។​ សូមភ្ជាប់ជាមួយនូវរូបភាពផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR”៕

ដោយ​៖សហការី​


ចែករំលែក៖