ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ភូមិគ្រឹះ ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមីលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ។
សូមបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារយ៉ាងខ្លីលើផេកផ្លូវការថា ( ក្រឹត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី។ ) !
ខាងក្រោមនេះជា , ដំណឹងមរណភាព ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី
លោកស្រី កូវ សុវណ្ណរិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង បុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ
ឯកឧត្តម គី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ ព្រមទាំងក្មួយ ។
លោកស្រី ប៊ុន សាមលេន និងលោក គឹម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ។
មានទុក្ខជាទម្ងន់ ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង បានទទួលមរណភាព នាថ្ងៃសុក ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពនឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃ អង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ ទុកជាការជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព។
ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ដោយ ៖ សិលា