ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្ដម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លិខិតរំលែកមរណទុក្ខ
ផ្ញើជូន ឯកឧត្តម កាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តម ជាទីរាប់អាន!
តាងនាមថ្នាក់ដឹកនាំអគ្គបញ្ញាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាដោយបានទទួល ដំណឹងថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅវេលាម៉ោង០៦:១៣នាទីល្ងាច ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្ដែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាការបាត់បង់នូវឧត្តមភរិយា មាតា មាតាក្មេក និងជីដូនជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទារតែងតែបានខិតខំបំពេញការងារ និង ចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ទទួលយកនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕
ដោយ ៖ សិលា