ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកទៅបុកស្ត្រីចំណាស់ម្នាក់បណ្ដាលឱ្យស្លាប់ អ្នកបើកបររថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ០៥ និង ៤៣នាទី ថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត១គ្រឿងបើកបុកស្ត្រីម្នាក់ដើរថ្មើរជើងលើចិញ្ចើមផ្លូវ) បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ករណីនេះ ស្ថិតនៅចំណុចភូមិ ថ្នល់កែង ឃុំ អូរអណ្ដូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

សមត្តកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ឃុំអូរអណ្ដូងបានឲ្យដឹងថាស្ត្រីជនរងគ្រោះឈ្មោះ ហម មឿន ភេទ ស្រី អាយុ ៧៩ ឆ្នាំ មានទីលំនៅរស់នៅភូមិ/ឃុំខាងលើ (ស្លាប់)។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តថា÷ នៅមុនកើតហេតុគេឃើញរថយន្ត១គ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងទៅបុកស្ត្រីម្នាក់កំពុងធ្វើដំណើរថ្មើរជើង ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងគ្រោះរួចមកស្លាប់នៅកន្លែងកើតហេតុ។

ក្រោយមករថយន្តបង្កក៏បានបើក រត់គេចខ្លួនបាត់ក្នុងទិសដៅពីត្បូងទៅជើង។

 បច្ចុប្បន្ន កម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអណ្ដូង កំពុងស្រាវជ្រាវរកមុខសញ្ញារថយន្តបង្ក៕

ដោយ៖ស សារ៉េត


ចែករំលែក៖