ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង៧.៨០០នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលកប់ក្រោមគំនរអគារបាក់បែក។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតត្រឹមដំណាច់ថ្ងៃទី ៧ ខែកុម្ភៈយើងបានដកស្រង់សម្តីអនុប្រធានាធិបតីទួរគីលោក Fuat Oktay ដែលបាននិយាយនៅក្នុងការអាប់ដេតចុងក្រោយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះបានកើនឡើងដល់៥.៨៩៤នាក់ហើយនិងមានអ្នករងរបួសចំនួន ៣៤.៨១០នាក់ ។ នៅស៊ីរីឥឡូវនេះមានអ្នកស្លាប់យ៉ាងតិច១.៨៣២នាក់ និងរបួស៣.៨៤៩នាក់។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្នរបស់ប្រទេសទួរគីបាននិយាយថា អគារចំនួន ៥.៧៧៥ខ្នងត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដី។
ប្រហែលជាចំនួនអ្នកស្លាប់នឹងកើនឡើង។ អង្គការសុខភាពពិភពលោក (WHO)បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២០.០០០ នាក់អាចនឹងស្លាប់ ហើយបានព្រមានថា មនុស្សរហូតដល់ ២៣លាននាក់អាចរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ធំនេះ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយជាបន្ទាន់។
បច្ចុប្បន្នមានបុគ្គលិកស្វែងរកនិងជួយសង្គ្រោះជាង១២.០០០នាក់រួមជាមួយទាហានទួរគី៩.០០០នាក់ធ្វើការនៅតំបន់រងគ្រោះ។
ប្រទេសជាង ៧០ បានបញ្ជូនក្រុមជួយសង្គ្រោះទៅជួយ រួមជាមួយនឹងជំនួយជាច្រើនទៀត៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters