ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំដែងនូវក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅតួកគី និងស៉ីរី។ ដោយលោកបណ្ឌិត បាន បង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «សូមចូលរួមសោកស្ដាយជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បន្កឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ។
លោកបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួងឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។
សូមជម្រាបថា គ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី កម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងកាលពីទៀបភ្លឺថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលគិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនដល់លើស ៧,៨០០នាក់៕
ដោយ ៖ សហការី