ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស បញ្ជាក់ពី លទ្ធផលនៃសម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីជំនួបសម្ដែងការគួរសមរបស់លោក ប៊ែរត្រង់ ល័រតូឡារី ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង ចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធផលនៃសម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង។ 

លោក ប៊ែរត្រង់ ល័រតូឡារី ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង បានចូលជួបសម្តែងការគួរសមចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិន ព្រះរាជាណាចក្រកម្ពុជា មុននឹងចាប់ផ្តើមកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំងលើកទី១ ជាមួយ លោកបណ្ឌិត ចែម វីទ្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃដដែល បន្ទាប់ពីសេចក្តីប្រកាសគោលបំណងរួមស្តីពីការបង្កើតយន្តការនៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីរវាងកម្ពុជា និងបារាំង ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះចំណងមិត្តភាពដ៏យូរលង់ ដែលផ្សារភ្ជាប់កម្ពុជា និងបារាំង។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច ការងារនាពេលថ្មីៗនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសេចក្តីសោមនស្សចំពោះដំណើរទស្សនកិច្ចនាពេល ថ្មីៗនេះរបស់លោក អូលីវីយេរ ប៊ិច រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួល បន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញ និងជនជាតិបារាំងរស់នៅបរទេស ។ ព្រឹត្តិការណ៍ទាំងពីរនេះ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងបារាំង។

លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនលោកប្រធាននាយកដ្ឋាន អំពីភាពជោគជ័យរបស់ កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់កម្ពុជាក្នុង កាជម្រុញឲ្យអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងនាំប្រទេសនេះត្រឡប់មករក ស្ថានភាពជាប្រក្រតីវិញតាមរយៈកិច្ចសន្ទនា។

លោក ប៊ែរត្រង់ ល័រតូឡាវី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់ព្រះរាជាណាចក្រ កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាលើកដំបូង របស់លោកនៅឆ្នាំ១៩៩៣ ដែលកាលនោះលោកជានិសិ្សតនៅឡើយ ។ លោក ក៏បានអបអរសាទរយ៉ាងកក់ ក្តៅចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ជាពិសេសក្នុងបរិបទនៃការគ្រប់គ្រងវិបត្តិ ដែលកំពុងកើតមាននៅក្នុងតំបន់ និងជុំវិញពិភពលោក ដូចជានៅប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាបានដាក់ ចេញនូវសកម្មភាពឥតឈប់ឈរជាច្រើន ក្នុងគោលដៅជួយអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ធប្រាំចំណុច ដែលទទួលបានការឯកភាពពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ដើម្បីជួយដោះស្រាយភាព តានតឹងនានា ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២កន្លងទៅនេះ។

នៅឆ្នាំ ២០២៣ នឹងមានការប្រារព្ធខួបលើកទី ៧០ នៃបុណ្យឯករាជ្យជាតិកម្ពុជា ការបង្កើតវិទ្យាស្ថាន ប៉ាស្ទ័រ និងជាខួបលើកទី ៣០ នៃ CIC អង្គរ ព្រមទាំងវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា។

នាថ្ងៃដដែល លោកបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានដឹកនាំសម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងកម្ពុជា និងបារាំង ជាមួយលោក ប៊ែរត្រង់ ល័រតូឡាវី ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសន សាធារណរដ្ឋបារាំង។

ភាគីទាំងពីរ បានចែករំលែកពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរៀងខ្លួន ក្នុង ស្មារតីយល់ច្បាស់ពីនីតិរដ្ឋ ដែលគ្រប់គ្រង់ប្រទេសរៀងខ្លួន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគ តាមរយៈភាពទាក់ទាញរបស់ កម្ពុជា នៅក្នុងទីផ្សារប្រកបដោយថាមវន្តក្នុងសហគមន៍អាស៊ាន និងនៅក្នុងតំបន់ដ៏ធំធេងនៃភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងតាមរយៈអត្តសញ្ញាណពីរនៃការប្រើប្រាស់ភាសាបារាំង ផង និងភាសាអង់គ្លេសផង ក៏ដូចជាច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខណៈភូមិសាស្ត្រអំណោយផលរបស់ កម្ពុជានៅចំកណ្តាល អាស៊ាន។ ទន្ទឹមនេះ ភាគីបារាំង បានកត់សម្គាល់ពីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការផ្តោតលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាស្ត្រសម្រាប់អនាគត និងលើការ បណ្តុះបណ្តាលធនធានមនុស្សមានវិជ្ជាជិវះត្រឹមត្រូវ ដល់យុវជនសរុបចំនួន ១,៥ លាននាក់ក្នុងឆ្នាំខាងមុខដើម្បីអមដំណើរយុទ្ធសាស្ត្រថ្មីខាងលើនេះបានជោគជ័យ។ បារាំង ជាប្រទេសមានជំនាញច្បាស់លាស់ដ៏ ប្រណិតក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ លោក លោក ប៊ែរត្រង់ ល័រតូឡារី បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រលុបបំបាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយថាមវន្ត និងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២២។

ដោយឡែក លោក បណ្ឌិត ចែម វីឌៀ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពស្មោះ ត្រង់ដ៏យូរអង្វែង ដែលកម្ពុជា ថែរក្សាជាមួយបារាំង រួមមានក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីដែលកម្ពុជាជាប្រទេស សមាជិកស្ថាបនិក តាមគំនិតផ្តួចផ្តើមនៃអង្គ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនះកោដ្ឋ ព្រះប្រមុខរដ្ឋកម្ពុជាកាលពីដើមឆ្នាំ ១៩៧០។ កម្ពុជា ក៏បានអបអរសាទរចំពោះ តួនាទីនាំមុខរបស់បារាំងចំពោះសន្តិភាព ការស្ដារឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកប ដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវត្តមានជាប្រចាំដ៏យូរលុងរបស់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅទីនេះ។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពគ្នាពីសារៈសំខាន់យ៉ាងខ្លាំងនៃទំនាក់ទំនងអាស៊ាន-បារាំង រួមមានការបន្តចរចារលើតំបន់ពាណិជ្ជកម្មសេរី ពីតំបន់មួយទៅតំបន់មួយ រវាងអាស៊ាន និងសហភាពអឺរ៉ុប។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប តាមរយៈវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិក ដែលបានធ្វើឡើងក្រោមអធិបតីភាពបារាំងជាប្រធាន គណៈ កម្មាការអឺរ៉ុប នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ យុទ្ធសាស្ត្រនេះ បំពេញបន្ថែមលើ យុទ្ធសាស្ត្រអាស៊ាន តាមរយៈទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

កម្ពុជា និងបារាំង គាំទ្រលើការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ . និងពហុភាគីនិយម តាមរយៈស្ថាប័នអន្តរជាតិនានា ជាពិសេសដូចជា អង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។

តំណាងក្រសួងការបរទេសទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីបច្ចុប្បន្នភាពដ៏លេចធ្លោស្តីពីការ ដោះស្រាយបញ្ហាប្រឈមរួមគ្នាជាសាកល រួមមានការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណី តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីព្យាយាមដោះស្រាយជម្លោះក្នុងតំបន់ ដោយប្រើប្រាស់មធ្យោបាយសន្តិវិធី និងកិច្ចសន្ទនាប្រកបដោយ បរិយាប័ន្ន។

សម័យប្រជុំលើកទី១នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងកម្ពុជា និងបារាំង បានប្រព្រឹត្ត ទៅក្នុងបរិយាកាសមិត្តភាពស្និទ្ធស្នាល ប្រកបដោយការគោរពគ្នា និងទំនុកចិត្តទៅវិញទៅមក។ សម័យប្រជុំលើកទី២ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ នៅទីក្រុងប៉ារីស៕

ដោយ ៖ សិលា


ចែករំលែក៖