ព័ត៌មានទាន់ហេតុការណ៍៖

រឿងរត់ការ​ឯកសារ​ប្លង់​ផ្ទះរយៈពេល​៣​ខែ​មិន​បាន ​​ម្ចាស់​ប្តឹង ​នៅ​ខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនចាងហ្វាង​សារព័ត៌មាន​(ខ្មែរ​ជាយ​ដែន​) ពី​បទឆបោក​លុយ​ចំនួន​៣.២០០​ដុល្លា​រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រឿងរត់ការ​ឯកសារ​ប្លង់​ផ្ទះរយៈពេល​៣​ខែ​មិន​បាន ​​ម្ចាស់​ប្តឹង ​នៅ​ខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនចាងហ្វាង​សារព័ត៌មាន​(ខ្មែរ​ជាយ​ដែន​) ពី​បទឆបោក​លុយ​ចំនួន​៣.២០០​ដុល្លា​រ ។ នេះបើយោងតាមសេចក្តី​ប្រកាស​​​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា, សេចក្តី​ប្រកាស​​​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣​ ឱ្យដឹងថា,  ​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង អាយុ​៥៦​ឆ្នាំ ​(​មានមុខ​របរជា​ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន​)​ ដែល​មាន​ស្រុក​កំណើត​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី អា​ស័​យ​ដ្ឋា​ន​ន​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេតបន្ទាយមានជ័យ ដែល​ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ​។

ការ​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង (​ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន​)​នេះ​យោង​តាម​បណ្តឹង​របស់​ឈ្មោះ គង់ ចំរើន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ បាន​ប្តឹង​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង ក្នុង​ករណី​ឱ្យ​ជួយ​រត់ការ​ឯកសារ​កាត់​ប្លង់​ផ្ទះល្វែង​នៅ​បូ​រី​ដួង​ច័ន្ទ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ប្លង់​ផ្ទះល្វែង​នេះ​ជា​កម្មសិទ្ធិ​របស់​ឪពុក​ម្តាយ​ប្អូនធម៌​ឈ្មោះ ហែម សំ​គិត ហៅ​ពៅ ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ស្នាក់​នៅ​បូ​រី​ដួង​ច័ន្ទ​។

សេចក្តីប្រកាសព័ត៌មានបន្តថា, ឈ្មោះ គង់ ចំរើន បាន​ប្រគល់​ប្រាក់​ឱ្យទៅ​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង ជា​អ្នក​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន ចំនួន​២​លើក​លើក​ទី​១.​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ មាន​ចំនួន​ទឹកប្រាក់​ចំនួន​១.៥០០​ដុល្លារ​នៅ​ហាង​កាហ្វេ​ផ្សារ​អគ្គ​ថ្មី​ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត និង​លើក​ទី​២.​នៅ​អំឡុង​ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨​ទឹកប្រាក់​ចំនួន​១.៧០០​ដុល្លារ នៅ​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង ធានា​រត់ការ​ឯកសារ​កាត់​ប្លង់​ផ្ទះ​ឱ្យរួចរាល់​រយៈពេល​៣​ខែ​។

បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ហើយ​រយៈពេល​បី​ក្រោយមក​ឈ្មោះ គង់ ចំរើន បាន​ទៅ​សួរ​រឿង​ឯកសារ​ប្លង់​ផ្ទះ ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង បាន​ឆ្លើយ​ដោះសារ​និង​ចុច​ទូរស័ព្ទ​លែង​លើក​គេចវេស​រហូត​។ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង នៅ​មុខ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​បាន​ចោទប្រកាន់​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង ពី​បទ​(​ឆបោក​)​ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត និង​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​អំឡុង​ឆ្នាំ​២០១៨​កន្លង​ទៅ​។

បទល្មើស​ដែល​មាន​បញ្ញា​ត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ​នឺ​ង​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ បាន​ធ្វើ​នីតិវិធី​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​បាន​ពិនិត្យ​អង្គហេតុ អង្គច្បាប់ ដោយ​បាន​រក​ឃើញ​តម្រុយ​ពិរុទ្ធភាព​ហើយ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នី​តិ​វិធី​។​

ពាក់ព័ន្ធ​និង​អំពើប្រព្រឹត្ត​របស់​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​ ។ ករណីនេះជាការប្រព្រឹត្តដោយ បុគ្គល ជាមួយជនរងគ្រោះតែប៉ុណ្ណោះ ៕


ដោយ ៖ សហការី


ចែករំលែក៖