ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៣០ខ្នងទទួលបានស័ង្កសីពីលោក​ ហ៊ុន​ ម៉ាណែត និងលោកស្រី​

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ លោក​ ហ៊ុន​ ម៉ាណែត និងលោកស្រី​  បានឧបត្ថម្ភស័ង្កសីចំនួន ៤៤៨សន្លឹក ជួយដល់ពលរដ្ឋទីទាល់ក្រដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០ខ្នងផ្ទះ សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឧត្តមសេនីយ៍ត្រី  សឹង្ហ​ ទុំ​  មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចំនួន ៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន  មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាំយកអំណោយស័ង្កសីរបស់លោក ហ៊ុន ម៉ាណែត​ និងលោកស្រី​ ចំនួន ៤៤៨សន្លឹក ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ចំនួន ៦ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក  ខេត្តបន្ទាយមានជ័យ។ 

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់  បណ្តាលឲ្យខូចខាតផ្ទះ​ សរុបចំនួន ៣០ខ្នងផ្ទះ និងសម្ភារមួយចំនួន។ 

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១  ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។ 

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ លោក  ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖