ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការស្រុកស្វាយទាប មិនមានការលេងល្បែងបញ្ជល់មាន់នៅ​ក្នុង​ចំការ​អំពៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បាត់​ថង់នោះទេ

ចែករំលែក៖

ខេត្ដស្វាយរៀង ៖ ​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន​អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាបបានឱ្យនគរវត្តដឹងនារសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣នេះថា ពាក់ព័ន្ធករណីថាមានការលេងល្បែងបញ្ជល់មាន់នៅចំណុច​ក្រោម​ដើម​ស្វាយ​ក្នុង​ចំការ​អំពៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បាត់​ថង់ ឃុំគគីសោម នោះគឺរូបលោកនិងក្រុមការងារបានចុះទៅដល់កន្លែងផ្ទាល់ដោយមិនមានការលេងល្បែងអ្វីនោះទេ។

ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុងភូមិ​បាត់​ថង់ ឃុំ​គគីសោម ស្រុកស្វាយទាប ក្នុង​មួ​យស​ប្តា​ហ៍ គេ​បើក​ជល់​មាន់​ចំនួន​៤​ដង ដោយ​បាន​ប្រមូលផ្ដុំ​មនុស្ស​ជា​ច្រើន​មក​លេង​ល្បែ​ង​ភ្នាល់​ដាក់​លុយ​ចាប់ពី​៥​ម៉ឺន​រៀល រហូត​៥​សែន​រៀល ឬ​ទៅ​១​លាន​រៀល​ក្នុង​១​គូរ​ៗ ហើយ​ក៏​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ ហាក់បីដូច​គ្មាន​ញញើត​ជាមួយនឹង​សមត្ថកិច្ច​ឡើយ​។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា សកម្មភាព​ទាំងនេះ មិន​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ​-​ស្រុក ចុះ​បង្ក្រាប​នោះ​ទេ​។ ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ទៀត​ថា មាន​អ្នក​ញៀ​​ន​ល្បែ​ង​ខ្លះ​ចាញ់​អស់ទ្រព្យ​សម្បត្ដិ កើតជា​ជម្លោះ​ក្នុង​គ្រួសារ រហូត​ឈាន​ដល់​កើត​មាន​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ទៀត​ផង​។ ហើយ​ល្បែ​​ង​ស៊ីសង​ទាំងនេះ​ហើយ ដែល​ជាដើម​ចម​នៃ​អំពើ​លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ សម្តេច​តេ​ជោ បាន​ដាក់​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ពាក់ព័ន្ធ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែ​ងសុី​សង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាមួយនឹង​ព្រមាន​ដក​តំណែង​ថែម​ទៀត​ផង​។

ហើយ​អាជ្ញាធរ​ខេត្តស្វាយរៀង ក៏​បាន​ចុះ​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​យកចិត្តទុកដាក់ ដោយ​លោក​អភិបាលខេត្ត​ចាត់​ឲ្យ​អភិបាលរង​ខេត្ត ទទួល​បន្ទុក​តាម​ស្រុក​-​ក្រុង ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​រដ្ឋបាល​ស្រុក​-​ក្រុង​ទាំង​០៨ ចុះ​បង្ក្រាប ក៏​ប៉ុន្តែ​ក្រុម​បើក​ល្បែ​ង​ស៊ីសង​ហាក់ដូចជា​ដឹង​មុន​ជា​និច្ច មិន​ដែល​បង្ក្រាប​បាន​នោះ​ទេ​ ៕

ដោយ៖ សុថាន


ចែករំលែក៖