ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធធ្វើពិធីអបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រារព្ធពិធី អបអរសាទរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ប្រធានបទៈ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ ២០៣០” និងផ្សព្វផ្សាយសារលិខិត  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ  ផ្ញើជូនបងប្អូនជនរួមជាតិស្តីពីសារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាព មាតា ទារក និងពេលមានផ្ទៃពោះពេលសម្រាល និងក្រោយពេលសម្រាល និងសំណេះសំណាលជាមួយស្ត្រីទើបសម្រាល ៣ នាក់ ស្រ្តីមានផ្ទៃពោះ ៤៦ នាក់ ស្រ្តីមានកូនតូច ១-២ ឆ្នាំ ៣៥ នាក់ ស្ត្រីក្នុងវ័យបន្តពូជ ២០ នាក់ សរុបចំនួន ១០៤ នាក់  ដែលពិធីនេះប្រារព្វធ្វើនៅមន្ទីរពេទ្យបង្អែកស្វាយទាប ។ ក្រោមអធិបតីភាពលោកស្រី ដួង វណ្ណា ប្រធានកិត្តយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើម នៅថ្នាក់សាខា ព្រមទាំងមានការចូលរួមពី លោក លោកស្រី ក្រុមការងារឥស្សរជនថ្នាក់សាខា និង អនុសាខាស្រុកស្វាយទាប លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងបុគ្គលិកមន្ទីរពេទ្យបង្អែកស្វាយទាប  ។ ក្នុងពិធីនេះអ្នកចូលរួមទាំងអស់បានត្រងត្រាប់ស្តាប់នូវខ្លឹមសារគន្លឹះសំខាន់ៗ អនុសាសន៍ និងការអំពាវនាវនៅក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២៣ ដែលអាន ដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ រួមមាន៖ 

១-សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីពេទ្យឱ្យបានទៀងទាត់ចំនួន ៤ ដងតាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលសេវាបង្កា/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន ។ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ។ ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខតាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុពីរឆ្នាំ ។ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារកមានអាយុ ៦ ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ(បបរខាប់គ្រប់គ្រឿង)រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ ឆ្នាំ ។ ប្រញ៉ាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងៗទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីពេទ្យ ប្រសិនបើទារក/កុមារតូចមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ។សូមជ្រើសរើសការព្យាកំណើត ដើម្បីសុខភាពរបស់ម្តាយនិងទារក ។

២-សូមយុវតី ឬស្ត្រីក្នុងវ័យបន្តពូជ ដែលមានអាយុ ១៥ ទៅ ៤៩ ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះយោបល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពិក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព ។

៣-សូមថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាចរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ។

៤-សូមស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាត់-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹត្យការដល់មន្ត្រី/បុគ្គលិកសុខាផិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហកមន៍ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ។

ក្នុងពិធីនោះដែរក៍បានចែកអំណោយសម្រាប់ស្ត្រីទើបសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ៤៩ នាក់ ក្នុងម្នាក់ទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយនិងទារកចំនួន ១៦ មុខ ថវិកា ៥ ម៉ឺនរៀល ។ 

-ស្ត្រីមានកូនតូចអាយុពី ១-២ ឆ្នាំ ៣៥ នាក់ ក្នុងម្នាក់ ទទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយ និងកុមារចំនួន ១២ មុខ ថវិកា ៥ ម៉ឺនរៀល 

-ម្រាប់ស្តីក្នុងវ័យបន្តពូជ ២០ នាក់ ក្នុងម្នាក់ទទួលបាន៖ សម្ភារប្រើបាស់ ៤ មុខ ថវិកា ៥ ម៉ឺនរៀល ។ ក្នុងពិធីនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភដល់បុគ្គលិកមន្ទីរពេទ្យបង្អែកស្វាយទាប មន្ត្រី-ក្រុមប្រតិបត្តិសាខា-អនុសាខាថវិកាចំនួន ២ លាន ២ សែន រៀល ៕

ដោយ ៖ សហការី


ចែករំលែក៖