ភ្នំពេញ ៖ ផ្ទះល្វែងធ្វើអំពីថ្មមួយខ្នងខណៈម្ចាស់ចាក់សោចាកចេញទៅធ្វេីការចំណែកកូនតូចៗទៅរៀនអស់ ស្រាប់តែបាក់ស្រុតចូលទៅក្នុងរណ្តៅទឹកស្រះរងការខូចខាតនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមាត់ស្រះ រណ្តៅដីចាស់ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពៅ ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ អេង ភ័ណ្ឌ អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ ។ ចំណែកផ្ទះដែលរងការបាក់ស្រុត សង់ពីថ្មក្រោម លើគ្រោងដែក មានទំហំទទឹង៤ម៉ែត្រនិងបណ្តោយ៨,៥០ម៉ែត្រ ។
តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា នៅលើដីរបស់គាត់នេះគាត់បានសាងសង់ផ្ទះសម្រាប់រស់នៅជាង១ឆ្នាំមកហើយ ៗមុនកើតហេតុ ខណៈដែលគាត់និងប្រពន្ធបាននាំគ្នាទៅធ្វើការងារ កូនៗទៅរៀនអស់ ចាក់សោផ្ទះទុកចោល ស្រាប់តែនៅវេលាម៉ោងខាងលើ អ្នកភូមិបានទូរស័ព្ទប្រាប់ថា ផ្ទះរបស់គាត់បានបាក់ស្រុតធ្លាក់ចូលក្នុងទឹកស្រះ ហេីយភ្លាមៗនោះពលរដ្ឋបាននាំគ្នាជួយរុះរើ ជញ្ជូនអីវ៉ាន់ចេញ៕
ដោយ៖សុខាសែនជ័យ